កំពង់ឆ្នាំង៖ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការ សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ក្នុងការបង្ការ បង្ក្រាប ដើម្បីទប់ស្កាត់អំពើជួយដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយពីការបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ នៅទូទាំងខេត្ត យ៉ាងមានប្រសិទ្ធភាព។
ឯកឧត្ដមបានកោតសរសើរបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្ត របស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្ត។
ក្នុងកិច្ចប្រជុំក៏មានការចូលរួមពីលោកព្រះរាជអាជ្ញារងសាលាតំបូងខេត្ត លោកស្រីឧត្តមសេនីយ៍ត្រី ស្នងការរងខេត្ត លោក លោកស្រី ជាអនុប្រធាន សមាជិកសមាជិការនៃគណៈកម្មាធិការ គ.ខ.ប.ជ ក្រុមការងារអន្តរមន្ទីរអង្គភាពទាំង៦ ក្រុមលេខាធិការដ្ឋាន គ.ខ.ប.ជ ព្រមទាំងក្រុមការងារជំនាញក្រុងស្រុក ទាំង០៨ ចូលរួមផងដែរ។
លោកជំទាវ ប៊ន សុភី បានអានរបាយការណ៍ បូកសរុបលទ្ធផលការងាររបស់គណៈកម្មការ និងទិសដៅការងារអនុវត្តបន្ត២០២១ ដាក់ជូនអង្គប្រជុំពិនិត្យ។ លោកស្រីឧត្តមសេនីយ៍ត្រី មាស សុមាលី ស្នងការរងនគរបាលខេត្ត បានអានសេចក្តីសម្រេចកែសម្រួលថ្មីរបស់ក្រុមជំនាញទាំង៦ និងក្រុមជំនាញក្រុងស្រុកទាំង៨ រួចមក ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់កិត្តិយសអញ្ជើញចែកសេចក្តីសម្រេចជូនក្រុមនីមួយៗដល់គណៈកម្មការ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ក៏បាន ធ្វើការផ្ដាំផ្ញើដល់គណៈកម្មាធិការ ក៏ដូចជាលេខាធិការដ្ឋាន សូមបន្តខិតខំអនុវត្តឱ្យបានជោគជ័យនូវផែនការការងារដែលបានដាក់ចេញសម្រាប់អនុវត្តក្នុងឆ្នាំ២០២១ និងទិសដៅការងារដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ សំដៅលុបបំបាត់ឱ្យបានអំពើជួញដូរមនុស្សគ្រប់រូបភាព ពិសេសឯកឧត្តម បានណែនាំដល់ក្រុងស្រុក ត្រូវក្តាប់ឱ្យបានពីពលករ ចំណាកស្រុក ពលករត្រលាប់ចូលស្រុកវិញ ត្រូវស្រង់ទិន្នន័យឱ្យបានច្បាស់ ចុះពិនិត្យផ្សព្វផ្សាយ ណែនាំឱ្យធ្វើចត្តាឡីស័ក រួមគ្នាបង្ការការទប់ស្កាត់ មិនឱ្យមានការផ្ទុះរីករាលដាលនៃជម្ងឺកូវីដ១៩ ចូលមកដល់សហគមន៍ជាដាច់ខាត ៕