កំពង់ឆ្នាំងៈ អំណោយជាង ស្បៀង និង ថវិកា ត្រូវបាន ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៣
គ្រួសារនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ពិធីចែកអំណោយនេះគឺបានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅវត្តត្រពាំងបី សង្កាត់ផ្សារឆ្នាំង ដោយមានការចូលរួមពីសំណាក់លោក សរ លាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង ព្រះអង្គ ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្ត ,ព្រះអង្គ នុច មុនី ព្រះលេខាគណខេត្តនិងជាព្រះចៅអធិកាវត្តត្រពាំងបី និង ព្រះអង្គ ឆន ឆុង ព្រះអនុគណស្តីទីក្រុងកំពង់ឆ្នាំង លោកស្រីចៅសង្កាត់និងលោកមេភូមិត្រពាំងបី ចូលរួមផងដែរ។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងថាៈ ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះ មានចំនួន១៣គ្រួសារ ជាគ្រួសារងាយរងគ្រោះ ជួបការលំបាក ដែលបានរងនូវផលប៉ះពាល់ជីវភាពក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩។ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាអំណោយសប្បុរសជន មានឯកឧត្តម អម សុភា អភិបាលរងខេត្ត ,លោកជំទាវបណ្ឌិត វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនិងជានាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ,លោកសរ លាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រះអង្គ ប៊ុណ្យ ប៊ុនជីងបព្រះសាមុហ៍គណខេត្ត ព្រះអង្គនុច មុនី ព្រះលេខាគណខេត្ត និង ព្រះអង្គឆន ឆុង ព្រះអនុគណស្តីទីក្រុងសម្រាប់ជួយដោះស្រាយការលំបាក ក្នុងអំឡុងពេលនៃការរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណគុណយ៉ាងជ្រាលជ្រៅម្ចាស់អំណោយទាំងអស់ព្រមទាំងមន្រ្តីសង្ឃខេត្តដែលបានបរិច្ចាកនូវធនធានមួយនេះ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ ។ ដែលអំណោយទានទាំងនេះបានបង្ហាញពីការផ្សារភ្ជាប់សុខទុក្ខរបស់ថ្នាក់ដឹកនាំព្រះសង្ឃជាមួយពុទ្ធបរិស័ទនិងប្រជាពលរដ្ឋ ដែលតែងតែបានគិតគូរជានិច្ចចំពោះពុទ្ធបរិស័ទនិងប្រជាពលរដ្ឋដែលជួបការលំបាកនៅគ្រប់ទីកន្លែង ។
ឯកឧត្តម អម សុភា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទាំងអស់គ្នា និង ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ តាមរយៈ ពាក់ម៉ាស់ លាងសំអាតដៃជាមួយអាល់កុល សាប៊ូ ជែល និង មានគម្លាតសុវត្ថិភាព ពិសេសគឺអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ។
អំណោយដែលបានផ្តល់ជូន នាពេលនេះក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូ ក្រាម ទឹកត្រី១យួរឬ ទឹកស៊ីវអ៊ីវ១យួរ មី១កេស ត្រីខ១យួរ និងថវិកា៣ម៉ឺនរៀល ។