រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរខេត្ត និងស្រុក បានរៀបចំតំបន់ទន្លេឆ្នុកទ្រូពីភាពអនាធិប​តេយ្យ ប្រែក្លាយមកជាមានការរៀបរយល្អ

  • 1.0ពាន់
  • ដោយ taravong

កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងស្រុក ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ បានរៀបចំតំបន់ទន្លេឆ្នុកទ្រូពីភាពអនាធិបតេយ្យ ប្រែក្លាយមកជាមានការរៀបរយ គ្មានការរាំងស្ទះដោយសំណង់ផ្ទះបណ្តែតទឹក ពេលនេះទីដ៏ស្មុគស្មាញនោះ កំពុងរើបំរាស់ខ្លួនពីភាពមិនស្អាត មកជាមានសោភណ្ឌភាពយ៉ាងស្រស់បំពេងជាបណ្តើរៗ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។

បើតាមការបញ្ជាក់ពីលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា នៅលើផ្ទៃទឹកទន្លេក្នុងតំបន់ឆ្នុកទ្រូនេះ ពីមុនមក មានសំណង់ផ្ទះអនាធិបតេយ្យរាប់រយខ្នង មានប្រជាជនជាង ១ពាន់គ្រួសារ រស់នៅក្នុង ភូមិចំនួន៣ នៃឃុំឆ្នុកទ្រូ បានសង់ផ្ទះរស់នៅលើទឹកទន្លេ ដោយប្រកបរបរនេសាទត្រី។ លោកបានបន្តថា នៅគ្រាបច្ចុប្បន្ន ប្រជាជនដែលរស់នៅលើផ្ទះបណ្តែតទឹកនោះ បានធ្វើការផ្លាស់ប្តូរមករស់នៅលើដីគោក ស្ទើរទាំងស្រុងហើយ នៅសល់តែ ៧ខ្នងផ្ទះទៀតប៉ុណ្ណោះ ដែលអាជ្ញាធរអនុញ្ញាតឱ្យរស់នៅតាមប្រឡាយទឹក ជាបណ្តោះអាសន្ន ក៏ព្រោះពួកគេមានបែរ ចំនួន ៣០បែរ សម្រាប់ចិញ្ចឹមត្រីដោះដូរជីវភាព។

លោកមេឃុំឆ្នុកទ្រូ បានបន្តទៀតថា ប្រជាជនដែលផ្លាស់ទីមករស់នៅលើដីគោក តាមការរៀបរយរបស់អាជ្ញាធរខេត្ត ក្រោយពីរាជរដ្ឋាភិបាល បានសម្រេចផ្តល់ដីលំនៅដ្ឋាន ក្នុង១គ្រួសារ ទទួលបានដីឡូតិ៍ក្នុងទំហំទទឹង ១៥ម៉ែត្រ និងបណ្តោយប្រវែង ៥០ម៉ែត្រ សម្រាប់សាងសង់ផ្ទះរស់នៅឲ្យបានសមរម្យ។ លោកបានបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអនុវត្តផែនការរុះរើសំណង់ផ្ទះបណ្តែតទឹកនេះ មានរយៈពេល ៤ឆ្នាំមកហើយ ប៉ុន្តែ ទើបទទួលបានជោគជ័យ នៅក្នុងពេលកន្លងមកនេះ ហើយអាជ្ញាធរនឹងបន្តយកចិត្តទុកដាក់ រៀបចំឲ្យមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ អគ្គិសនី និងអណ្តូងទឹក ជាដើម។ល។ សម្រាប់ប្រជាពលរដ្ឋរស់នៅ បានប្រើប្រាស់ និងទទួលបានផាសុខភាពខ្ពស់ ៕

អត្ថបទទាក់ទង