ក្រុមការងារបណ្តាញឆ្លើយតបសុខភាពសហគមន៍ស្រុកសាមគ្គីមានជ័យ នៃគម្រោងឆ្លើយតបសុខភាពសហគមន៍ របស់អង្គការឆេក ប្រជុំប្រចាំត្រីមាស
សាមគ្គី មានជ័យ ៖ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស របស់ ក្រុមការងារបណ្តាញឆ្លើយតបសុខភាពសហគមន៍ស្រុកសាមគ្គីមានជ័យ នៃគម្រោងឆ្លើយតបសុខភាពសហគមន៍ របស់អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក)។
គោលបំណងនៃកិច្ចប្រជុំដើម្បី៖
- ពិភាក្សាអំពីកិច្ចសហការរបស់ភ្នាក់ងារពាក់ព័ន្ធឆ្លើយតបអំពើហិង្សា បញ្ហាយុវវ័យ និងអ្នកជំងឺអេដស៍។
- ពិភាក្សាអំពីប្រឈមរបស់ភ្នាក់ងារពាក់ព័ន្ធឆ្លើយតបអំពើហិង្សា បញ្ហាយុវវ័យ និងអ្នកជំងឺអេដស៍។
- ពិភាក្សាអំពីគម្រោងថវិកាដើម្បីឆ្លើយតបអំពើហិង្សា បញ្ហាយុវវ័យ និងអ្នកជំងឺអេដស៍។
លោកស្រី ហែម សោភា អ្នកសម្របសម្រួលគម្រោងឆ្លើយតបសុខភាពសហគមន៍ របស់អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក) បានរាយការណ៍ពីសកម្មភាពរស់គម្រោងក្នងរយ:ពេល ៣ ខែកន្លងមកនេះ។
ក្នុងឨកាសនោះ លោក ឈួន ចាន់ណា អភិបាលរងស្រុក បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងសូមអរគុណដោយស្មោះចំពោះសកម្មភាពក្រុមការងារ អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ ដែលបានបំពេញការងារ ដ៏សកម្មក្នុងបេសកកម្ម។ ក្នុងនោះជនងាយរងគ្រោះ និងប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ នៅក្នុងស្រុកសាមគ្គីមានជ័យ ទទួលបានអំណោយសប្បុរស ធម៌ជាស្បៀងអាហារពីអង្គការតុកែញញឹមកម្ពុជាផងដែរ។
លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមចូលរួមបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ មកលើខ្លួនយើង អ្នកដទៃ និងសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន សូមរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយអនុវត្តវិធានការចាំបាច់ដោយត្រូវរក្សាអនាម័យ ត្រូវលាងដៃឱ្យបានស្អាតជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬឣាល់កុលជែលលាងដៃឱ្យបានញឹកញាប់ ៕