រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារលើ និងអប់រំផ្សព្វផ្សាយ អំពីវិធានការការពារ និងទប់ស្កាត់ជំងឺ​កូវីដ-១៩

  • 472
  • ដោយ taravong

កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អម សុភា អភិបាលរងខេត្ត ដោយកិច្ចសហការពីមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារលើ និងការអប់រំផ្សព្វផ្សាយ អំពីវិធានការការពារ ជំងឺកូវិដ១៩ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមទប់ស្កាត់ទាំងអស់គ្នា នូវមេរោគដ៍កាចសាហាវមួយនេះ។

លោក គង់ ច័ន្ទធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ការផ្សព្វផ្សាយអប់រំនេះគឺក្នុងគោលបំណងឱ្យប្រជាពលរដ្ឋទាំងអស់ស្វែងយល់អំពីវិធានការនានាដែលក្រសួងសុខាភិបាល បានណែនាំ និងឱ្យប្រជាពលរដ្ឋចួលរួមធ្វើអនាម័យឱ្យបានស្អាតជាប្រចាំដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

លោកបានបញ្ជាក់ទៀតថា ការបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារលើខេត្តកំពង់ឆ្នាំងនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយនៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍។ ហើយកិច្ចការនៃការបាញ់ថ្នាំសម្លាប់មេរោគនេះ នឹងធ្វើនៅគ្រប់ទីកន្លែងប្រជុំជនដែលផ្តោតសំខាន់ នៅតាមផ្សារនានា និងតាមទីរសាធារណៈនានាក្នុងខេត្ត។

នៅក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា ដើម្បីឱ្យការអនុវត្តន៍នូវវិធានការណ៍នានា របស់រាជរដ្ឋាភិបាល និងអាជ្ញាខេត្តមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩នោះ គឺទាល់តែយើងទាំងអស់គ្នាចូលរួមឱ្យបានសកម្មបំផុត ដោយយកវិធានការណ៍អនាម័យអនុវត្តជាប្រចាំ ក្នុងកិច្ចការរស់នៅប្រចាំថ្ងៃ ដូចជាលាងដៃនឹងសាប៊ូ អាល់កុល ឬជែលឱ្យបានញឹកញាប់ ពាក់ម៉ាស់ និងត្រូវអនុវត្តនូវគម្លាតសុវត្ថិភាព បើសិនជាមិនចាំបាច់ ពុំត្រូវចេញទៅក្រៅនោះដែរ។

លោក អម សុភា បានមានប្រសាសន៍ទៀតថា យើងមិនត្រូវភ្លេចខ្លួននោះទេ ហើយជាពិសេសយើងត្រូវប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានទ្វេដងបន្ថែមទៀត ដើម្បីសុវត្ថិភាពខ្លួនឯង សុវត្ថិភាពគ្រសួរនិង សង្គមជាតិ។ ឯកឧត្តម បានគូសបញ្ចាក់បន្ថែមថា ជំងឺកូវីដ១៩ វាមិនត្រឹមតែបង្ករឲ្យមនុស្សឈឺ និង សម្លាប់ជីវិតមនុស្សប៉ុណ្ណោះទេ តែវាក៏បានបំផ្លាញសេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ ៕

អត្ថបទទាក់ទង