កំពង់ឆ្នាំងៈ នាព្រឹក ថៃ្ងទី ១ ខែធ្នឆ្នាំ២០២០នៅគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងរៀបចំពិធីសំណេះសំណាលនិងផ្សព្វផ្សាយខ្លឹមសារខួបអនុស្សាវរីយ៍លើកទី៤២ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ ១៩៧៨.២ធ្នូ.២០២០ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មការធិការរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិក សមាជិកា រណសិរ្ស ខេត្តកំពង់ឆ្នាំងផងដែរ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បញ្ជាក់ថាៈ រណសិរ្ស ថ្ងៃ២ធ្នូ គឺជាប្រវត្តិសាស្រ្តចរឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករាទើបមានអ្វីៗដូចថ្ងៃនេះ។ ថ្ងៃ២ឆ្នូជា ថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និង រំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាអោយរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍ មាតុភូមិអោយមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់បន្តថាៈ រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ១៩៧៨ បច្ចុប្បន្នត្រូវបានដូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជាបានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុង ភូមិជើងក្លូ ឃុំ២ធ្នូ ខេត្តក្រចេះ ដើម្បីរួមជាមួយប្រជាជនផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតទទួលជ័យជំនះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបានមកវិញនូវសិទ្ធិសេរីភាព និងមានឱកាសស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ របស់មាតុភូមិកម្ពុជា។ ប្រជាជនកម្ពុជាសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ជ័យជំនះថ្ងៃ៧មករានោះទេ យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរនេះគឺជាសច្ចៈធម៌នៃប្រវត្តិ
សាស្ត្រ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បញ្ជាក់បន្តទៀតថាៈក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរអោយមោទនៈ។ ភាពអំណោយផលខាងនយោបាយនេះបានរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចំរើនលើគ្រប់វិស័យ។ទន្ទឹមនេះដែរ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិធ្វើ អោយធ្លុងមហាសាមគ្គីជាតិកាន់តែរឹងម៉ាំឡើង ដើម្បីរួមគ្នាដឹកនាំនិងកសាងប្រទេសអោយបាន រីកចំរើនថែមទៀត។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអំពាវនាវប្រគេនដល់ព្រះសង្ឃ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទាំងអស់សូមបន្តការប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិ
បាលអោយបានត្រឹមត្រូវនិងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង។
ចុងបញ្ចប់ឯកឧត្តម ឈួរ ច័ន្ទឌឿន គណអធិបតីបានសួរសុខទុក្ខកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងបានឧបត្ថម្ភថវិកា សំភារៈសិក្សានិងបានរៀបចំអាហារសាមគ្គីជូនដល់អ្នកចូលរួមនិងកុមារកំព្រាផងដែរ៕