រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកកំពង់លែង ចេញសេចក្តីបញ្ជាក់ព័ត៌មាន ស្តីពីការចុះផ្សាយរបស់គេហទំព័រព័ត៌មាន នគរសន្តិភាព ចេញផ្សាយថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០

  • 929
  • ដោយ taravong

កំពង់លែង៖ រដ្ឋបាលស្រុកកំពង់លែង ចេញសេចក្តីបញ្ជាក់ព័ត៌មាន ស្តីពីការចុះផ្សាយរបស់គេហទំព័រព័ត៌មាន នគរសន្តិភាព ចេញផ្សាយថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានចំណងជើងថា៖ (មានអនុក្រឹត្យពីសម្តេចតេជោ ហ៊ុន សែន ហើយ ប៉ុន្តែ លោកអភិបាលរងស្រុកកំពង់លែង ចេង ចាន់ដូណា មិនព្រមចុះវាស់វែងចែកពលរដ្ឋសោះ ផ្ទុះប្រមូលគ្នាទាមទារ…! )

ពាក់ព័ន្ធនឹងការចុះផ្សាយរបស់គេហទំព័រព័ត៌មាន នគរសន្តិភាព នេះបានលើកឡើងថា លោក ចេង ចាន់ដូណា ហាក់គ្មានចេតនា ចង់វាស់វែងចែកពលរដ្ឋនោះទេបើទោះបី សម្តេចតេជោបានចេញអនុក្រឹត្យលេខ ២០០ អនក្រ.បក នេះឱ្យវាស់វែងដីជូនប្រជាពលរដ្ឋ តាំងពីឆ្នាំ២០១៣ នោះក៏ដោយ ព្រោះចង់បានភាគរយដីពីប្រជាពលរដ្ឋទាំង ៤៩គ្រួសារ។
ការលើកឡើងខាងលើ រដ្ឋបាលស្រុកសូមធ្វើការបញ្ជាក់ជូនដល់ម្ចាស់ គេហទំព័រព័ត៌មាន នគរសន្តិភាព និង សាធារណៈជន មេត្តាជ្រាបថា៖
១. យោងប្រកាសលេខ ៤៨៥ ប្រក.កសក ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ របស់ក្រសួងកសិកម្ម ស្តីពីការបង្កើតព្រៃសហគមន៍ព្រៃឈើ និង អនុក្រឹត្យលេខ ២០០អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង(ភ្នំកង្រី ភ្នំទូកមាស) រដ្ឋបាលស្រុកកំពង់លែងបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក រដ្ឋបាលឃុំទាំង៥ និងសហគមន៍ ដោយមានការគាំទ្រពីមន្ទីរជំនាញ ក្នុងការការពារព្រៃសហគមន៍ព្រៃឈើបានគង់វង្សសម្រាប់ជាប្រយោជន៍រហូតមក។
២. អនុវត្តតាមលិខិតបង្គាប់ការរបស់រដ្ឋបាលលេខ ៦២៨/២០.លបក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ ស្តីពីការចាត់តាំងក្រុមការងារចម្រុះថ្នាក់ខេត្តដើម្បីធ្វើការសិក្សាស្រាវជ្រាវករណីចូលកាន់កាប់ អាស្រ័យផលដី ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង (ភ្នំកង្រី ភ្នំទូកមាស) ស្រុកកំពង់លែង ដោយមានសមាសភាពពីមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនក្នុងខេត្ត និងចូលរួមសហការ របស់រដ្ឋបាលស្រុក ឃុំ ភូមិ បានចុះធ្វើការ សិក្សា ស្រាវជ្រាវ គ្រួសារ និងទំហំដី ដែលបានរចូលកាន់កាប់ និងអាស្រ័យផល ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង (ភ្នំកង្រី ភ្នំទូកមាស)។ ហើយចំពោះការចុះសិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យរបស់ក្រុមការងារចមម្រុះរបស់ខេត្តនេះ គឺធ្វើចំពោះផ្ទៃដីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ អាស្រ័យផលជាក់ស្តែង តែប៉ុណ្ណោះ ដើម្បីមានមូលដ្ឋានរាយការណ៍ជូនក្រុមការងារអន្តរក្រសួង។
៣. អនុក្រឹត្យលេខ ២០០ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលគឺបង្កើតតំបន់កប្រើប្រាស់ច្រើនយ៉ាង គ្រប់គ្រងដោយក្រសួងបរិស្ថាន។
៤. ចំពោះ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង គឺជាសមាជិក របស់ក្រុមការងារចម្រុះតែប៉ុណ្ណោះ ហេតុនេះ ពុំមានសិទ្ធិក្នុងការសម្រេច ចាត់ចែងឲ្យក្រុមចម្រុះធ្វើការវាស់វែង រឺ កាត់ឆ្វៀលដី ជូននរណានោះឡើងយ។ រដ្ឋបាលស្រុកសូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយដោយគ្មានមូលដ្ឋាន និងប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ របស់ គេហទំព័រព័ត៌មាន នគរសន្តិភាព ដែលចេញផ្សាយកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ និងសំណូមពរឲ្យម្ចាស់ គេហទំព័រព័ត៌មាន នគរសន្តិភាព ធ្វើផ្សាយបកស្រាយឡើងវិញជាបន្ទាន់ និងសូមសាធារណៈជន មេត្តាកុំមានការភាន់ច្រឡំតាមការផ្សាយរបស់គេហទំព័រព័ត៌មានខាងលើនេះ។

រដ្ឋបាលស្រុកសូមថ្លែងអំណរគុណចំពោះសារព័ត៌មានណាដែលបានចុះផ្សាយនូវព័ត៌មានពិតមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយនិងគោរពតាមវិជ្ជាជីរវៈសារព័ត៌មាន។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម ម្ចាស់គេហទំព័រព័ត៌មាន នគរសន្តិភាព និងសាធារណៈជន ទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕

សូមអានសេចក្តីបញ្ជាក់ព័ត៌មាន ដែលមានជូនភ្ជាប់ខាងក្រោម៖

អត្ថបទទាក់ទង