កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃគម្រោងកម្មវិធីបណ្ដុះបណ្ដាលជំនាញតាមលិខិតបញ្ជាក់(VSTP) ឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ រៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង ក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិជ្ជាជីវៈ(TVETSDP/ADB/AFD Loan N 3167/8305-CAM) នៃក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពីលោក ពៅ ស៊ីថា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោកនាយកគ្រប់គ្រងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកគ្រូ អ្នកគ្រូ សិក្ខាកាម។
បើតាមការបញ្ជាក់របស់នាយកគ្រប់គ្រងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា លទ្ធផលនៃការអនុវត្តគម្រោងការបណ្ដុះបណ្ដាលជំនាញតាមលិខិតបញ្ជាក់រយៈពេល ២ឆ្នាំកន្លងមកក្នុងឃុំគោលដៅចំនួន ៣៤ឃុំ មាន ៧ស្រុក ទូទាំងខេត្តកំពង់ឆ្នាំង ដែលមានជំនាញ៖
១.ផ្នែកកសិកម្ម៖ មានវគ្គចិញ្ចឹមមាន់, ចិញ្ចឹមគោ, ចិញ្ចឹមជ្រូក, ថ្នាំនឹងចាក់វ៉ាក់សាំងសត្វ, ដំណាំបន្លែ, ជីកំប៉ុស្ដិ៍, បណ្ដុះផ្សិតចំបើង, តបណ្ដាញអគ្គិសនីក្នុងគេហដ្ឋាន, បច្ចេកទេសកែច្នៃចំណីអាហារ និងទីផ្សារបច្ចេកទេសក្រោយប្រមូលផល។
២.ផ្នែកសេវាកម្ម៖ មានវគ្គជួសជុលម៉ាស៊ីនធុនតូច, ជួសជុលម៉ូតូ, ថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់, ជួសជុលវិទ្យុ និងទូរទស្សន៍, តបណ្ដាញអគ្គិសនី, អ៊ុតសក់ និងកាត់ដេរ។ ដែលមានសិក្ខាកាមសរុបមានចំនួន ២,៣៥៨នាក់ ស្រី ១,២៩៦នាក់។
មានប្រសាសន៍នាឱកាសនោះឯកឧត្តម ស៊្រន សំឫទ្ធី បានបញ្ជាក់ពីការដឹកនាំដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាព មានការអភិវឌ្ឍ និងមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចដែលធានាដល់ការរីកចម្រើនលើគ្រប់វិស័យ និងកំពុងតែរីកមុខមាត់ថ្មីនៅលើឆាកអន្តរជាតិ។ ក្នុងនោះវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផលិតនូវធនធានមនុស្សគ្រប់ជំនាញ គ្រប់កម្រិតចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បច្ចេកបណ្ឌិតបច្ចេកវិទ្យា ដែលមានចំណេះដឹងចំណេះធ្វើប្រកបដោយសមត្ថភាព និងគុណភាពដើម្បីប្រកួតប្រជែងការងារពលកម្មក្នុងទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេសពិសេសធ្វើឱ្យប្រជាពលរដ្ឋកើននូវប្រាក់ចំណូលលើកស្ទួយជីវភាពប្រចាំគ្រួសារស្របតាមយុទ្ធសាស្ត្រដើម្បីកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
ជាចុងបញ្ចប់ឯកឧត្តម ស៊្រន សំឫទ្ធី បានសំណូមពរដល់ថ្នាក់ដឹកនាំ មន្ត្រី លោកគ្រូអ្នកគ្រូ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវយកចិត្តទុកដាក់អនុវត្តការគ្រប់គ្រងដឹកនាំប្រកបដោយការសហការគ្នាសាមគ្គីផ្ទៃក្នុងទទួលខុសត្រូវខ្ពស់ និងភាពរីកចំរើនទាន់សម័យកាលបច្ចុប្បន្ន និងអនាគត ពង្រឹងឱ្យមានគុណភាពក្នុងការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញរឹង ដល់សិក្ខាកាមសិស្សនិស្សិតឱ្យសមស្របទៅតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ខិតខំធ្វើយ៉ាងណាឱ្យសិក្ខាកាមនិស្សិតនិស្សិតមានអត្រាការងារធ្វើខ្ពស់បន្ទាប់ពីបញ្ចប់ការសិក្សា។ ត្រូវបង្កើនការសហការល្អជាមួយដៃគូពាក់ព័ន្ធដើម្បីឱ្យអង្គភាពខ្លួនមានការរឹងមាំរីកចម្រើន ក៏ដូចជាលើកកម្ពស់វិស័យបណ្ដុះបណ្ដាលបច្ចេកទេសនានាដល់ខេត្តយើងទាំងមូល។ ក្នុងនោះក៏ត្រូវបន្តការគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំស្ដីពីការការពារពីជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមជម្រាបជូនផងដែរថាៈ គម្រោងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈគឺបណ្ដុះបណ្ដាលរហូតទៅដល់ភូមិឃុំក្នុងគោលបំណងឱ្យប្រជាពលរដ្ឋទទួលបាននូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈវិជ្ជាជីវៈពិតប្រាកដដើម្បីងាយស្រួលយកទៅធ្វើការងារឱ្យត្រូវតាមក្បួនខ្នាត ទៅតាមលក្ខណៈបច្ចេកទេស មានគំនិតច្នៃប្រឌិត អភិវឌ្ឍប្រកបមុខរបរក្នុងគ្រួសារឱ្យមានការរីកចម្រើន មានជីវភាពធូរធារដើម្បីកាត់បន្ថយភាពក្រីក្របានមួយកម្រឹត ៕