កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យគម្រោងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។
គម្រោងលំហាច ជាអនុគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំង ៦ នៃគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ក្រោមហិរញ្ញប្បទានសម្បទានរបស់ប្រទេសជប៉ុន។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២០។ គិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ ៨៤,៧ % លើទំហំការងារសរុបរបស់គម្រោង។
ទំហំការងារដែលបាន និងកំពុងអនុវត្ត រួមមាន ៖
១- សំណង់ក្បាលហុងទឹក (Headworks) ចំនួន ០១ កន្លែង សម្រេចបានប្រមាណ ៩៨ % ។
២- សំណង់នាំទឹក (Intake) ចំនួន ០១ កន្លែង សម្រេចបាន ១០០ % ។
៣- សាងសង់ប្រឡាយមេបេតុង ចំនួន ០១ ខ្សែ ស្មើនឹងប្រវែង ១៦,៤០ គីឡូម៉ែត្រ សម្រេចបាន ៧០ % ។
៤- សាង់សងប្រឡាយថ្នាក់ទី ២ បេតុង ចំនួន ១៣ ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គីឡូម៉ែត្រ ។
៥- សាងសង់ប្រឡាយដោះទឹក ចំនួន ១៥ ខ្សែ ស្មើនឹងប្រវែង ៥២,៩០ គីឡូម៉ែត្រ សម្រេចបាន ៨៥ % ។
៦- សាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៩៤ ខ្សែ ស្មើនឹងប្រវែង ៦២ គីឡូម៉ែត្រ សម្រេចបាន ១០០ % ។
៧- សាងសង់សំណង់សិល្បការសរុបចំនួន ៥៥៧ កន្លែង សម្រេចបានប្រមាណ ៩៧ % ។
៨- សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១កន្លែង សម្រេចបាន ១០០ % ។
បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ អនុគម្រោងលំហាច អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣.២៨៩ហិកតា។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូននូវអ្វី ដែល ជាលក្ខណៈ បច្ចេកទេស នៃ ប្រព័ន្ធ ធារាសាស្ត្រ ដែល ក្រសួង បាន និងកំពុង អនុវត្ត នាពេល បច្ចុប្បន្ន ទៅ តាម ស្ថានភាព ភូមិ សាស្ត្រ ជាក់ស្ដែង ដូចជា អនុគម្រោងលំហាចនេះជាដេីម គឺជាសំណង់ប្រព័ន្ធធារាសាស្រ្តថ្មីមួយទៀតដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលមិនត្រឹមតែសម្រាប់បម្រើឲ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ១ ពាន់គ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ទឹកផុស និងស្រុករលាប្អៀរ របស់ខេត្តកំពង់ឆ្នាំង ក៏បានទទួលផលពីអនុគម្រោងនេះ ផងដែរ។ ជាមួយ គ្នា នេះ ឯកឧត្តម រដ្ឋមន្រ្តី ក៏ បាន ផ្តល់ អនុសាសន៍ ដល់ក្រុមការងារឱ្យស្វះស្វែង រក មេីល ការ ងារ ណា ដែល ប្រេីប្រាស់ សាច់ ប្រាក់ ពលកម្ម សម្រាប់ ផ្តល់ ការងារ ជូន ដល់ កម្មករ កម្មការិនី ដែល ពុំ មាន ការងារ ធ្វើ ដេីម្បី សម្រួល ដល់ ជីវភាព ប្រចាំ ថ្ងៃ ក្នុង តំណាក់កាល ជម្ងឺ កូវីត ១៩ នេះ ស្រប តាម យុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាល ។
សមិទ្ធផលទាំងអស់នេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្តើមពីការស្តារ មកកសាង និងអភិវឌ្ឍន៍ ហើយឈានទៅធ្វើការពង្រីក និងពង្រឹងសមត្ថភាពគ្រប់គ្រងទឹក ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់គោលនយោបាយជាតិ ស្តីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រ នាំស្រូវ អង្ករចេញរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដល់ប្រទសជប៉ុន ដែលជានិច្ចកាលតែងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់វិស័យ និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារអនុវត្តគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប មន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជាមួយនឹងលទ្ធផលការងារដែលសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក និង សូមប្រកាន់ ខ្ជាប់ នូវ អនាម័យ តាម សេចក្ដី ប្រកាស របស់ ក្រសួង សុខាភិបាល ចំពោះ រលក ទី ២ នៃ ជម្ងឺ កូវីត ១៩ ៕