រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងរួមយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ

  • 538
  • ដោយ taravong

កំពង់ឆ្នាំង: ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងរួមយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម ហេង ពិទូ អភិបាលរងខេត្ត និងឯកឧត្ដម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក ទីចាត់ការនិងអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។

សេចក្ដីព្រាងច្បាប់នេះ ត្រូវបានសិក្សា ស្រាវជ្រាវ និងចងក្រង ដោយគណៈកម្មការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ មាន ៨ជំពូក និង ៤៣មាត្រា មានគោលបំណងធានាការគ្រប់គ្រងសណ្ដាប់សាធារណៈ ឲ្យមានរបៀបរៀបរយសោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។

ដើម្បីប្រមូលធាតុចូល និងតម្រូវការជាក់ស្ដែងពីអាជ្ញាធរនៅមូលដ្ឋានថ្នាក់ក្រោមជាតិ គណៈកម្មការតាក់តែងសេចក្ដីព្រាងច្បាប់នេះ បានស្នើសុំរដ្ឋបាលខេត្ត ពិនិត្យ ពិភាក្សា និងរួមយោបល់លើសេចក្ដីព្រាងច្បាប់នេះ ដើម្បីកែសម្រួលចុងក្រោយដាក់ជូនរាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំ ដោយមានការសំណូមពរ និងជម្រុញឲ្យមានការពិភាក្សា និងផ្ដល់យោបល់ពីឯកឧត្តម ហេង ពិទូ ប្រធានអង្គប្រជុំ អង្គប្រជុំបានពិភាក្សា ផ្ដល់យោបល់ និងចែករំលែកយ៉ាងផុលផុសដើម្បីបានជាធាតុចូលដាក់ជូនគណៈកម្មការតាក់តែងសេចក្ដីព្រាងច្បាប់ពិនិត្យ និងសម្រេច។

បន្ថែមពីនោះ បន្ទាប់ពីការពិនិត្យ ពិភាក្សា និងរួមយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈរួចមក ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាព សូមបន្តអប់រំផ្សព្វផ្សាយអំពីវិធានការការពារជម្ងឺឆ្ងងកូវីដ១៩ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល សូមកុំមានធ្វេសប្រហែសឲ្យសោះ។

អត្ថបទទាក់ទង