រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំ ខេត្ត កំពង់ឆ្នាំង អញ្ជើញ ចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ៤៦គ្រួសារ មកពីភូមិពីរក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

  • 661
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម កែវ ពៅ អនុប្រធានកិត្តិយសសាខា ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងអនុសាខា ស្រុកទឹកផុស បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តចែកជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ចំនួន ៤៦ គ្រួសារ នៅភូមិថ្នល់កែង និងភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជម្រុញដល់អាជ្ញាធរភូមិ ឃុំ កុំធ្វេសប្រហែស ក្នុងការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ថ្វីត្បិតតែក្នុងប្រទេសរបស់យើងមានការព្យាបាលជាសះស្បើយអស់លើកទី១ក៏ដោយ។ យើងមិនត្រូវមើលស្រាលចំពោះជំងឺនេះនោះទេត្រូវតែបន្តផ្សព្វផ្សាយនូវវិធានការការពារទប់ស្កាត់ជំងឺនេះតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឱ្យប្រជាពលរដ្ឋបានយល់ និងចូលរួមទប់ស្កាត់ការពារទាំងអស់គ្នាដើម្បីឱ្យភូមិឃុំសហគមន៍របស់យើងគ្មានអ្នកឆ្លងជំងឺនេះ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ ជាប់ជាប្រចាំដើម្បីរក្សាការពារខ្លួនពីជំងឺនេះ និងប្រសិនបើមានបងប្អូនមកពីប្រទេសក្រៅដែលបានវិលត្រឡប់មកវិញ សូមអោយពួកគាត់តាមដានសុខភាពជាប់ជាប្រចាំ និង អោយគាត់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលបានចែកជូនថ្ងៃនេះក្នុងមួយគ្រួសារៗទទួលបានៈ អង្ករ ២៥ គីឡូក្រាម, មី ១កេះ, ត្រី ខ ១០ កំប៉ុង, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) ជែលសម្រាប់លាងដៃ ១ដបតូច និងថវិកា ២០,០០០ រៀល ដោយឡែក ឯកឧត្តមប្រធានកិត្តិយសសាខា បានបន្ថែមថវិកា ក្នុងមួយគ្រួសារ ១០,០០០ រៀល បន្ថែមទៀត ៕

អត្ថបទទាក់ទង