កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញពិនិត្យដំណាំពោតចំនួន ៦ហិចតា របស់លោក ហឿង សេងហៃ នៅតំបន់អន្លងអិន សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ បន្ទាប់មកបន្តដំណើរមកពិនិត្យដំណាំស្រូវដើមរដូវចំនួន ៥០០ហិចតា (ប្រើប្រាស់ពូជសែនក្រអូប ផ្កាក្រវ៉ាន់ និងពូជ ៥១៥៤) នៅភូមិកំពុងអុស ឃុំកំពង់អុស ស្រុកជលគិរី។
ឯកឧត្ដម និងក្រុមការងារ បានជួបជាមួយម្ចាស់ចំការពោត លោក សេងហៃ បានរៀបរាប់ទាំងទឹកចិត្តសប្បាយរីករាយថា ដោយតំបន់នេះមានសក្តានុពលលើដំណាំពោត សណ្តែក និងដំឡូងជ្វា គាត់អាចដាំពោតបាន ២ដងក្នុង ១រដូវ បន្ទាប់ពីប្រមូលផលសណ្តែកបាយរួច ហើយអាចទទួលបានចំណូល ១០លានរៀល មិនរួមចំណូលពីសណ្តែកសៀង និននោងមូលដាំលាយជាមួយពោត ១ថ្ងៃលក់បាន ៥០០០០រៀលផងទេ។
ដោយឡែក ចំពោះដំណាំស្រូវ លោកស្រី ច្រឹក គឹមឈៀន ដំណាងឱ្យកសិករម្ចាស់ស្រែ បានរៀបរាប់ជាហូរហែរអំពីខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ គិតចាប់ពីពូជ ព្រោះ មើលថែទាំ និងប្រមូលផល។ ជាទូទៅកសិករតំបន់នេះ ប្រើពូជសែនក្រអូប និងផ្កាក្រវ៉ាន់ ដែលពូជទាំងពីរនេះទទួលផលបានជាង ៦ត/ហត លក់បាន ១០០០រ/kg។ ដោយឡែកពូជអីអ៊ែរ ៥១៥៤ ទិន្នផលទទួលបាន ៨ត/ហត តម្លៃលក់បាន ៨០០រ/kg។ ការព្រោះស្រូវ និងប្រមូលផលគឺប្រើគ្រឿងយន្តទាំងអស់ ជាពិសេសលក់ផលស្រូវនៅស្រែតែម្តង ហើយករណីខ្លះទៀតឈ្មួញចុះមកឱ្យតម្លៃស្រូវតាំងពីស្រូវចាប់ផ្តើមដាក់គ្រាប់ម្លេះ។ ក្រៅពីដំណាំស្រូវ កសិករក៏មានដំណាំរួមផ្សំមានម្ទេសដៃនាង និងសណ្តែកបាយ។ ក្នុងមួយឆ្នាំៗ គ្រួសារនីមួយៗ ទទួលបានចំណូលមិនតិចជាង ១០លានរៀល ប៉ុន្តែវាអាស្រ័យលើផ្ទៃដីដែលគ្រួសារនីមួយៗមាន។
ដោយឡែក លោកស្រី សំរិទ្ធ ណុន ប្រធានសហគមន៍កំពង់អុសពន្លឺច័ន្ទ ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់សហគមន៍ចាប់តាំងពីថ្ងៃបង្កើតនៅឆ្នាំ២០១០ រហូតមកទល់បច្ចុប្បន្នមានសមាជិក ១៨៧នាក់ ចំនួនភាគហ៊ុន ៦៤០ហ៊ុន ស្នើនឹងទឹកប្រាក់ជាង ៥៧លានរៀល បើធៀបនឹងថ្ងៃបង្កើតមានត្រឹមតែជាង ៣លានរៀល ដោយកំណើនទុននេះបានមកពីការធ្វើអាជីវកម្មផលិតស្រូវពូជ ស្រូវចំណី ឥណទានកសិកម្ម និងចិញ្ចឹមមាន់ និងនេសាទ។ ពិសេសជាងនេះ សហគមន៍បានគ្រប់គ្រង និងអភិរក្សដែននេសាទចំនួន ៤២ហត ដែលបច្ចុប្បន្នដែននេះសម្បូរត្រីសម្រាប់ផ្តល់ជាប្រភពចំណូលដល់សហគមន៍បាន មួយចំណែកធំ ជាពិសេសរក្សា និងការពារពូជត្រីទឹកសាបបានច្រើនប្រភេទទៀតផង។
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលបង ម្ចាស់ចំការពោត និងម្ចាស់ស្រែទទួលបាននាពេលនេះ ទិន្នផលមានការកើនឡើង ទីផ្សារផលិត ផលល្អ និងនិរន្តរភាពនៃប្រាក់ចំណូលក្នុងគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួង ក៏ដូចជាឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឱ្យពួកគាត់ខិតខំបន្ថែមទៀត ដើម្បីចូលរួមធ្វើឱ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ សម្រេចទទួលបានជោគជ័យ។ ចំពោះការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវឧស្សាហ៍ចុះមកពិនិត្យ តាមដាននៅលើរាល់សកម្មភាពបង្កបង្កើន ផលក្រែងបងប្អូនប្រជាកសិករជួបប្រទះនូវបញ្ហា ហើយត្រូវសហការដោះស្រាយឱ្យបានទាន់ពេល ៕