រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ឆ្នាំង

  • 956
  • ដោយ taravong

(កំពង់ឆ្នាំង)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ឆ្នាំងថ្មីចំនួន១រូប ក្រោមអធិបតីភាពឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវប្រតិភូក្រសួងមហាផ្ទៃអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ ស្រុកទាំង៨ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តមានមតិស្វាគមន៍និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចបានកន្លងមករបស់ខេត្តកំពង់ឆ្នាំងមានការរីកចំរើនលើគ្រប់វិស័យនិងធានាបានសន្តិសុខ ស្ថិរភាពជូនប្រជាពលរដ្ឋ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលអានដោយ ឯកឧត្ដម អួង ចន្ធី អគ្គនាយករងអគ្គនាយកដ្ឋានរដ្ឋបាល និងជាប្រធាននាយកដ្ឋានបុគ្គលិក ត្រូវបានប្រកាសតែងតាំងលោក សាន់ យូ ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីគណៈអធិបតីបានប្រគល់អនុក្រឹត្យរួចមកលោក សាន់ យូ បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អនៅក្នុងគណៈអភិបាលខេត្ត និងជាមួយបណ្តាមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង/ស្រុក ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា។រួមចំណែកពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចអោយបានល្អប្រសើរ។យកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា។

ឯកឧត្តម លេង វី បានមានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះ សង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់លោកអភិបាលរងខេត្តថ្មីអោយខិតខំបំពេញភារកិច្ចអោយបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ។ ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម និង មានតម្លាភាពចំពោះមន្រ្តីរាជការហើយសហការក្នុងជួរគណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

អត្ថបទទាក់ទង