រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”

  • 633
  • ដោយ taravong

កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ខេត្តកំពង់ឆ្នាំងបានប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី៨មីនា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ឯកឧត្តមលោកជំទាវសមាជិករដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្តនិងបងប្អូននារីចូលរួមសរុប៥៣៥នាក់។

លោកស្រីពេជ សូភា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំងបានអានរបាយការណ៍វឌ្ឍនភាពដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំកន្លងមកនិងទិសដៅអនុវត្តបន្ត។

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៩នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២០។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានថ្លែងថាៈបងប្អូនស្រ្តីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និង សង្គមជាតិហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ ដូចនេះបងប្អូនស្ត្រីទាំង
អស់ត្រូវខិតខំអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការ សង្គមជាតិ សំខាន់ឲ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង និងកាន់តែមានភាពផុលផុសជាងមុនដែលកត្តាទាំងនេះហើយធ្វើឲ្យបងប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ឧបាយកល លិ្បចបោកបញ្ឆោតរបស់ក្រុមជនណា ដែលមានមហិច្ឆិតា ក្នុងការប៉ុនប៉ងបំផ្លាញនូវសន្តិភាព នៅកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ស្វែងរកបានមកទាំងលំបាកអស់រយៈពេលជាច្រើន ឆ្នាំមកនេះ ។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បន្តទៀតថាៈប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រជាពិសេសវប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន នឹងកំពុងគាំទ្រជម្រុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាៈ កម្ពុជានាពេលបច្ចុប្បន្ននេះ បានកំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ តាំងពីទីប្រជុំជន ទៅដល់ជនបទ ទាំងផ្លូវ ទឹក ភ្លើង មណ្ឌលសុខភាព សាលារៀន ។ ល។ដែលសមិទ្ធផលនេះស្តែងចេញមកពីកត្តាសន្តិភាព និងសន្តិសុខនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ។ ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខរឹងមាំ បានធានាឲ្យកម្ពុជា បន្តសម្រេចបានលទ្ធផលធំៗថ្មីៗទៀត ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារសង្គម និងកែលំអរ ជីវភាពរស់នៅរបស់ប្រជាជន ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើនយ៉ាងឆាប់រហ័ស។

ចុងបញ្ចប់ឯកឧត្តមបណ្ឌិតនិងគណៈអធិបតីបានផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់បងប្អូននារី ផងដែរ ៕

អត្ថបទទាក់ទង