កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ០៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង នៅសាលាបឋមសិក្សាសាន់បារ៉ាយ ស្ថិតនៅភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ដោយមានការរអញ្ជើញចូលរួមមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង រួមនិងអាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ។
អគារសិក្សា១ខ្នង ស្មើនឹង៣បន្ទប់ ត្រូវបានជួសជុលឡើងវិញ និងសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ គឺជាសមិទ្ធផលរបស់មហាឧបាសិកា ឈរ គឹមហុង មាតាបង្កើតលោកជំទាវ ឈរ ណារី ត្រាំអុីវតឹក ដែលបានជួយឧបត្ថម្ភកសាងឡើង នៅក្នុងឆ្នាំ១៩៩៩។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ថ្ងៃនេះដើម្បីឆ្លើយតបទៅនឹងសំណូមពរចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស មាតា បិតា និងអាជ្ញាធរដែនដី នៅក្នុងស្រុកទឹកផុស អគារសិក្សា១ខ្នង ៣បន្ទប់ នៅសាលាបឋមសិក្សាសាន់បារ៉ាយ បានសាងសង់ឡើងវិញរួចរាល់ជាស្ថាពរ និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីអាចបំពេញនូវសេចក្តីត្រូវការរបស់សាលា ក៏ដូចជាសិស្សានុសិស្ស ដើម្បីមានបន្ទប់គ្រប់គ្រាន់សម្រាប់សិក្សារៀនសូត្របានសមរម្យ។ លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ កុំធ្លាក់ចុះក្នុងអបាយមុខ និងជៀសវាងពីគ្រឿងញៀនបង្ករអស្ថេរភាពក្នុងសង្គមគ្រួសារ និងសង្គមជាតិជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើមនោះ ត្រូវញ៉ាំងខ្លួនក្មួយៗឲ្យទៅជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិនវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់បានទៅថ្ងៃអនាគត។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញចែកអំណោយជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំង ប្រជាពលរដ្ឋ ដែលបានចូលរួម ព្រមទាំងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា នៅសាលាបឋមសិក្សាសាន់បារ៉ាយ ចាប់ពេលនោះតទៅ៕