នៅព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មន្ទីរផែនការខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំស្ដីពីការតាមដានការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១)ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត លោក គង់ សុវណ្ណអស្ចារ្យ នាយករងរដ្ឋបាលសាលាខេត្ត និងមានការចូលរួមពីលោក លោកស្រី នាយកទីចាត់ការសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងជាសមាជិកក្រុមការងារកសាងផែនការខេត្ត អង្គការ សមាគមន៍ជាដៃគូរ និងមន្ដ្រីជំនាញតំណាងពីមន្ទីរអង្គភាពជុំវិញខេត្ត សរុប ៦២ នាក់។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យវឌ្ឍនភាព និងការរៀបចំរបាយការណ៍នៃការអនុវត្តគម្រោងសកម្មភាព វិនិយោគរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញអង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងស្ថាប័នរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា និងត្រួតពិនិត្យវឌ្ឍនភាពនៃសូចនាករ នៃការអនុវត្តផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ដែលបង្ហាញអំពីការរីកចម្រើនកម្រិតលទ្ធផល អត្ថប្រយោជន៍ និងឥទ្ធិពល ធៀបនឹង សូចនាករ និងចំណុចដៅសំខាន់ៗដែលបានកំណត់ក្នុងផែនការអភិវឌ្ឍន៍ខេត្ត៥ឆ្នាំ(២០១៥-២០១៩)។
នាឱកាស នោះ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តបានថ្លែងថាសូចនាករ និងចំណុចដៅទាំងឡាយរបស់ផែនការអភិវឌ្ឍន៍ខេត្ត ត្រូវបានកំណត់សម្រាប់តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍ និងតារាងតាមដានត្រួតពិនិត្យនៃការអនុវត្តគម្រោង សកម្មភាពសម្រាប់តាមដានការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល។ ដូចនេះការតាមដានការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) គឺជាប្រភពទិន្នន័យមានសារៈសំខាន់ សម្រាប់ត្រួតពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍន៍ការវាយតម្លៃ ភាពរីកចម្រើននៃសេដ្ឋកិច្ចខេត្ត និងជាមធ្យោបាយ វាស់វែងលើការអនុវត្តផែនការអភិវឌ្ឍន៍ខេត្តរបស់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី២ ក្នុងគោលបំណងវាស់វែងពីការរីកចម្រើនលើកកម្ពស់កម្រិតជីវភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។