កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលស្រុកសាមគ្គីមានជ័យ រៀបចំពិធិផ្សព្វផ្សាយស្តីពីការអនុវត្តអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅអោយរដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត។
ពិធីផ្សព្វផ្សាយមានការអញ្ជើញចូលរួមពីប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំ អភិបាល អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញស្រុក មេឃុំ ជំទប់និងស្មៀនឃុំ សរុបចំនួន ១០៤ នាក់ ស្រី ១៧នាក់។
ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តបានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជាបានតម្កល់នូវឆន្ទៈនយោបាយដ៏មុះមុតលើការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថាកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់រយៈពេលដ៏វែង។
ក្នុងការកែទម្រង់នេះគឺដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ទី១. ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា។ ទី២. ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ ទី៣. ដើម្បីបង្កើនធនធាន និងការចូលរួមរបស់សហគមន៍ និងប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
គូសបញ្ជាក់ផងដែរថា៖ រដ្ឋបាលស្រុកបានរៀបចំផ្សព្វផ្សាយអនុក្រឹត្យ លេខ ១៩៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅអោយរដ្ឋបាលរាជធានី-ខេត្ត គោលបំណងនៃអនុក្រឹតគឺធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ តាមរយៈការបង្ខិត ការធ្វើសេចក្តីសម្រេចចិត្ត និងការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងសេវាសុខាភិបាលឱ្យទៅកៀកជិតប្រជាពលរដ្ឋ ៕