កំពង់ឆ្នាំង ៖ ប្រធាននិងអនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងនិងជំនួយការពីរនាក់ផ្សេងទៀត ត្រូវបានប្រកាស់តែងតាំងជាផ្លូវការកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពសោម សូរីដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំង មានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ។
តាមសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានសម្រេចតែងតាំងលោកឈឹម ច័ន្ទធន ជាប្រធាន និង លោកម៉ែន បញ្ញា ជាអនុប្រធា លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ជំនួសលោកស្រីនួន ច័ន្ទនី និង លោកសំ សឿន ត្រូវបានតែងតាំងជាជំនួយការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រចាំការនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាល
រងខេត្តកំពង់ឆ្នាំង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធាន អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញភារកិច្ចក្នុងការទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អជាមួយគណបក្សនយោបាយ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ធ្វើឲ្យការបោះឆ្នោតគ្រប់អាណត្តិប្រព្រឹត្តទៅដោយរលូន។
ឯកឧត្តមអភិបាលរងខេត្ត ចាត់ទុកការលះបង់ និង ការខិតខំប្រឹងប្រែងនេះ ជាគំរូវីរភាពដ៍ឧត្តុង្គឧត្តមសម្រាប់អ្នកជំនាន់ក្រោយ ដែលជាអ្នកបន្តវេន រៀនសូត្រតាម។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ការប្រកាសចូលកាន់មុខតំណែង ប្រធាន អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងនាពេលនេះ គឺដើម្បីធានាឲបាននូវការដឹកនាំ គ្រប់គ្រង និង ការទទួលខុសត្រូវរាល់ កិច្ចដំណើរការនៃការរៀបចំការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ យុត្តិធម៌ដោយធានាឲកាន់តែប្រសើរឡើងនូវភាពត្រឹមត្រូវ តាមច្បាប់ស្តីពីការបោះឆ្នោត ។
ឯកឧត្តមបានផ្តាំផ្ញើចំពោះថ្នាក់ដឹកនាំថ្មី ត្រូវបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យបានល្អ ក្នុងភាពជាដៃគូជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និង កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ -ត្រូវពង្រឹងតម្លាភាពរបស់គជប តាមរយៈការបើកទូលាយឲ្យមានការចូលរួម នឹង បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយភាគីពាក់ព័ន្ធ ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការបោះឆ្នោតជូនដល់សាធារណជននិងអ្នកពាក់ព័ន្ធ ទាំងអស់គ្រប់រូបភាព ធានាគុណភាពច្បាស់លាស់និងទាន់សភាពការណ៍ ក្នុងគ្រប់ដំណើរការបោះឆ្នោត និងជាពិសេសត្រូវគោរពឱ្យបាននូវគោលការណ៍សកលទាំង៧ នៃការបោះឆ្នោត សេរីត្រឹមត្រូវនិងយុត្តិធម៌គឺ ឯករាជ្យភាព អព្យាក្រឹតភាពនិងមិនលំអៀង សុចរិតភាព តម្លាភាពប្រសិទ្ធភាព វិជ្ជាជីវៈភាព ភាពជាអ្នកបម្រើសេវា៕