កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ១៤កេីត ខែមិគសិរឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងែ១០ ខែធ្នូ ឆ្នាំ២០១៩ ព្រះគ្រូសរណវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ព្រះចៅអធិការវត្តគិរីធម្មរាជ (ហៅវត្តភ្នំតារូងតារាជ) លោក ខែក សុផល មេឃុំពង្រ គណៈកម្មការវត្ត ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង តាមរយៈលោក ជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានសាខាកាកបាទក្រហមកកម្ពុជាខេត្ត។
ក្នុងឱកាសនោះដែរលោកជំទាវ ប៊ន សុភី បានទទួលដល់ព្រះតេជគុណ និងលោកមេឃុំ គណៈកម្មការវត្ត ព្រមទាំងបានសំណេះសំណាលដើម្បីដឹងពីសុខទុក្ខ និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ព្រះតេជគុណ ដែលតែងតែមានទឹកព្រះទ័យ ជួយដល់សាខារហូតមក ទាំងសម្ភារៈ និងថវិកា ដើម្បីសាខាបានជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបការលំបាកអោយបានទាន់ពេលវេលា។
អំណោយដែលបាននាំយកប្រគល់ជូនពេលនោះរួមមាន៖ អង្ករ ២៥គីឡូក្រាម ចំនួន ៥០បាវ, មី ៥០កេះ, ត្រីខ ៥០យួរ, ទឹកត្រី ៥០យួរ, ទឹកសុីអុីវ ៥០យួរ រួមជាមួយថវិកាចំនួន ២៥០ដុល្លា ៕