កំពង់ឆ្នាំងៈ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកបរិបូ ណ៌បានអំពាវនាវបែបនេះក្នុងពិធីប្រារព្ធខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាបឋមសិក្សាស្រែកាច់ស្ថិតក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រតិភូក្រសួងអប់រំយុវជនិងកីឡាលោកប្រធានមន្ទីរអប់រំខេត្ត អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស សរុប ១២៣ នាក់។
លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិង កីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថា ជារៀងរាល់ឆ្នាំ មន្ទីរបានចាត់ចែងរៀបចំ ទិវាកុមារអន្តរជាតិ១ មិថុនា នៅគ្រប់សាលា ដើម្បីរំលឹកឡើងវិញនូវការចងចាំពីឧក្រឹដ្ឋកម្មដ៏សាហាវព្រៃផ្សៃយង់ឃ្នង របស់ពួកហ្វាស៊ីអ៉ីត្លែដែលបានប្រព្រឹត្តមកលើកុមារកាលពី៧០ឆ្នាំមុន។
លោកជំទាវបណ្ឌិត សឿ សុជាតា បានមាន
ប្រសាសន៍បញ្ជាក់ថាៈខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ ១មិថុនាឆ្នាំនេះ ប្រារព្វឡើង ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិកុមារ តាមរយៈការលុបបំបាត់អំពើហឹង្សាគ្រប់រូបភាព » ប្រធានបទនេះពិតជាមានសារៈសំខាន់ ដើម្បីរំលឹកដល់ សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារ ។
លោកជំទាវបណ្ឌិតបានមានប្រសាសន៍បន្តទៀតថាៈចាប់ពីពេលនេះតទៅ អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប គ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវចូលរួមលើកស្ទួយ និងគាំពារការអភិវឌ្ឍសមត្ថភាពកុមារដើម្បីក្លាយជាធនធានដ៍មានតម្លៃសម្រាប់ការអភិវឌ្ឍសង្គម ។កុមារគឺជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត ។
លោកជំទាវបណ្ឌិតក៏បានផ្តាំផ្ញើអោយសិស្សានុ
សិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀន សូត្រ អោយក្លាយជាមនុស្សល្អ ជាទំពាំងស្នងឬស្សី និងជៀសឆ្ងាយពីគឿងញៀន និងអំពើរឧបាយមុខ ផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។
នៅក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត សឿ សុជាតាបានថ្លែងអំណរគុណដល់ឯកឧត្តមឧកញ៉ាទៀង ថៃ និង លោកជំទាវបណ្ឌិត វណ្ណ លុយព្រមទាំងសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភសំភារៈនិងថវិកា យកមកចែកជូន ដល់សិស្សានុសិស្ស៨០នាក់ និងលោកគ្រូ ចំនួន៤នាក់អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋបានចូលរួមក្នុងពិធីនេះផងដែរ៕