កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងមានបើកវេទិកាសាធារណៈ ស្តីពីការទទួលព័ត៌មានជាសាធារណៈ ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្រុងកំពង់ឆ្នាំង អាណត្តិទី៣ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង។
វេទិកាសាធារណៈនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារ សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងក្រុងកំពង់ឆ្នាំង គណៈអភិបាលក្រុង មន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមកពីសង្កាត់ផ្សារឆ្នាំង ប្រារព្ធនៅវត្តពោធិសិលារាម(ហៅវត្តសំរោង)។
មានមតិសំណេះសំណាលក្នុងអង្គវេទិកា លោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុមការងារ បានប្រសាសន៍ថា៖ ការបើកវេទិកាសាធារណៈនេះគឺដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋាន។ ការបើកវេទិកា មានគោលបំណង ផ្ដល់ព័ត៌មាន ដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា អំពីអាទិភាពនៃការ ងារ អភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំខាងមុខៗទៀត។
លោកជំទាវប្រធាន ក៏បានលើកឡើងអំពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព មានកំណើន សេដ្ឋកិច្ច ល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យឈានទៅមុខ។ ក្នុងវេទិកាក៏បានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ លើកឡើងនូវសំណួរពាក់ព័ន្ធនានាក្នុងមូលដ្ឋាន ទទួលយកនូវសំណូមពររបស់ អាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបក្នុងការលើកកម្ពស់កិច្ចសហការ និងទទួល បានព័ត៌មានប្រសើរ ជាងមុនអំពីតម្រូវការរបស់ប្រជាពលរដ្ឋ និងការ យល់ដឹងកាន់តែច្បាស់អំពីការងារអភិវឌ្ឍន៍នៅមូលដ្ឋាន ៕