ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ០៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈថ្នាក់ជាតិលើកទី៣ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលបានប្រារព្ធនៅក្នុងទីតាំងវត្តសុវណ្ណនិមិត្ត ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែង និងប្រជាពលរដ្ឋ ដែលស្ថិតក្នុងឃុំប្រឡាយមាស និងឃុំផ្លូវទូក សរុបប្រមាណ ២៩០ នាក់ (ស្រី ចំនួន៧៤នាក់)។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានបើកវេទិកាសាធារណៈថ្នាក់ជាតិលើកទី៣ ឆ្នាំ២០១៩ ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋលើកឡើងនូវសំណួរពាក់ព័ន្ធនានាក្នុងមូលដ្ឋាន និងទទួលយកនូវសំណូមពររបស់ អាជ្ញាធរ និងប្រជាពលរដ្ឋដែលបានលើកឡើងដែលជាក្តីកង្វល់ពីមុនមក។ បន្ទាប់ពីទទួលបានសំណូមពរ និងសំណួរ ចំនួន០៩ ដែលបានលើកឡើងពីបងប្អូនប្រជាពលរដ្ឋ ដោយបានស្នើឲ្យអង្គវេទិកាសាធារណៈ ក៏ដូចជារាជរដ្ឋាភិបាលជួយដោះស្រាយ ផងនោះ សំណូមពរ និងបញ្ហា របស់ពួកគាត់ ត្រូវបានអង្គវេទិកាសាធារណៈបានបកស្រាយចម្ងល់ និងឆ្លើយតបនូវសំណូមពរចាំបាច់ និងបានលើកនូវវិធានការដើម្បីដោះស្រាយសម្រាប់អនុវត្តន៍អោយមានប្រសិទ្ធភាពផងដែរ។ ចំពោះបញ្ហាដែលនៅសេសសល់មួយចំនួន ក្រុមការងារនឹងធ្វើការពាំនាំរាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីរិះរកវិធីដោះស្រាយឲ្យបានឆាប់រហ័សបំផុត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានចុះមើលទីតាំងជាក់ស្តែងដែលប្រជាពលរដ្ឋបានស្នើសុំបង្កើតផ្សារសហគមន៍ ស្ថិតនៅក្នុងឃុំប្រឡាយមាស នោះផងដែរ ៕