កំពង់ឆ្នាំងៈ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ និង ប្រជាពលរដ្ឋសរុបចំនួន១៩២នាក់ បានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ធគំរបខួប៧ឆ្នាំ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុបន្ទាប់ពីព្រះអង្គយាងចូលទិវង្គត កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១២ និង បាន រាប់បាតប្រគេនព្រះសង្ឃចំនួន៩អង្គ ដើម្បីឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋនាព្រឹកថៃ្ងទី១៤
ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីព្រះសង្ឃជយន្តោ ថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ បានអញ្ជើញ គោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ រួចមក ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិ
បាលខេត្តកំពង់ឆ្នាំង បានអានព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះអង្គប្រសូត្រ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២នៅរាជធានីភ្នំពេញ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យបានទាំងស្រុងពីអាណានិគមបារាំងនៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣។បន្ទាប់មកព្រះអង្គជាព្រះប្រមុខរដ្ឋ ព្រះអង្គមានស្នាមព្រហស្ថ ធំធេង ឧត្តុងឧត្តម កសាងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើនគួរអោយកត់សំគាល់។សមិទ្ធផលទាំងនោះមាន សកលវិទ្យាល័យ មហាវិទ្យាល័យ ជាច្រើនជំនាញ ស្ថានីយទូរទស្សន៍ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រោងចក្រចំរាញ់ប្រេងកាត រោងចក្រស្រាបៀរ រោងចក្រតំឡើងត្រាក់ទ័រ និង រថយន្តធំ រោងចក្រស្កស រោងចក្រវាយនភ័ណ្ឌ រោងចក្រក្រចៅ រោងចក្រស៊ីម៉ង់ រោងចក្រកែវ រោងចក្រក្តាបន្ទះ រោងចក្រក្រដាស់ រោងចក្រជី រោងចក្រកង់ឡាន រោងចក្រត្រីខប្រអប់ រោងចក្រផលិតជ័រកៅស៊ូ រោងចក្រវារីអគ្គិសនី និង សមិទ្ធិផលច្រើនទៀតនៅតាមបណ្តាខេត្ត ស្រុក មានសាលារៀន មន្ទីរពេទ្យ ទំនប់ប្រឡាយ ស្ពានថ្នល់ជាដើម។ ព្រះអង្គបានទទួលរងគ្រោះដោយរដ្ឋប្រហារមិនស្របច្បាប់មួយនៅភ្នំពេញគឺជារដ្ឋប្រហារយោធាដែលមានលន់ នល់ ជាមេក្លោងនៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ១៩៧០។ ព្រះអង្គបានធ្វើព្រះរាជមាតុភូមិនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញនៅថ្ងៃ អង្គារ ទី១៤ ខែ
វិឆ្ឆិកា ឆ្នាំ១៩៩១ ព្រះអង្គបានគង់ជាម្លប់សំរាប់ប្រជារាស្រ្តរហូតដល់ព្រះអង្គយាងចូលព្រះទីវង្គតនៅវេលាម៉ោង១ និង ២០នាទី យប់រំលងអាធ្រាត ម៉ោងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយក្នុងក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សាដោយព្រះជរាពាធ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងអ្នកចូលរួមក៏បានប្រគេនសាដកនិងបច្ច័យដល់ព្រះសង្ឃ៩អង្គដើម្បីថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ និង ចែកជូនថវិកាមួយចំនួនដល់យាយជីតាជីផងដែរ៕