ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាល័យហ៊ុនសែនទឹកផុស ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឯកឧត្ដម អៀង វុធ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិក ក្រុមការងារថ្នាក់ជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ និទ្ទេស B ,C ,D និងE មកពីវិទ្យាល័យចំនួន៣ រួមមាន វិទ្យាល័យហ៊ុនសែនទឹកផុស ,វិទ្យាល័យហ៊ុនសែនទួលខ្ពស់ ស្ថិតនៅក្នុងស្រុកទឹកផុស និងវិទ្យាល័យហ៊ុនសែនកំពង់លែង ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ សរុបមានចំនួន ៣៧៦នាក់។
មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានសម្តែងនូវក្តីរីករាយ និងលើកសរសើរ ចំពោះសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីស្រុកទឹកផុស និងស្រុកកំពង់លែង ដែលមានចំនួនរហូតទៅដល់៣៧៦នាក់ នៅក្នុងឆ្នាំ២០១៩នេះ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា លទ្ធផលដែលក្មួយៗ ទទួលបាននាពេលនេះ មិនគ្រាន់តែជាកិត្តិយសសម្រាប់ក្មួយៗ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិត្តិយសសម្រាប់ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង ហើយលទ្ធផលដែលក្មួយៗ ទទួលបាននាពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ គឺកើតឡើងដោយការខិតខំតស៊ូព្យាយាមសិក្សារៀនសូត្រ របស់ក្មួយៗ តែម្តង។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ ហើយលទ្ធផលនេះ ក៏បានបង្ហាញយ៉ាងច្បាស់ថា អ្នកចេះ គឺជាប់ ៕