រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅវត្តមង្គលវ័ន(ស្វាយដង្គុំ) រាជធានីភ្នំពេញ ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងប្រតិភូអមដំណើរ បានអញ្ជើញមកចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក គិន ពិសាល អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង។
លោកសោម សុជាតាប្រធានមន្ទីរ ក្នុងនាមមន្ត្រីរាជការនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ឆ្នាំង និងគ្រួសារនៃសពសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធសព លោក គិន ពិសាល អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង ព្រមទាំងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារនៃសព ។
ក្នុងនាមមន្ត្រីរាជការនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ឆ្នាំង និងគ្រួសារនៃសព សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំង៣ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា ប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការ ព្រមទាំងពរទាំងឡាយ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕
គូសបញ្ជាក់ថា៖ សពរបស់លោកគិន ពិសាល នឹងត្រូវធ្វើពិធីដង្ហែទៅបូជាតាមប្រពៃណីនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៣០នាទីព្រឹក។