ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និង លោកជំទាវ ឈរ ណារី ត្រាំអុីវតឹក រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមការងារ បានមូលមតិគ្នាចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តចំនួន២ រួមមាន វត្តសុវណ្ណេសនារាម និងមជ្ឈមណ្ឌលវិប្បសនាធុរៈពោធិរាជ ស្ថិតនៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក៏បានអញ្ជើញរាប់បាត និងវេរចង្ហាន់បិណ្ឌបាត្រ ព្រមទាំងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃបង្សុកូល ដើម្បីឧទ្ទិសនូវកុសលផលបុណ្យដែលបានរួបរួមគ្នាកសាងនៅថ្ងៃនេះ ជូនចំពោះបុព្វការីជន វីរៈជន និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់បានឈោងឆាប់កំណើតទៅកាន់ទីឋានបរមសុខ ហើយបែរក្រោយអោយពរជ័យដល់យើងខ្ញុំទាំងអស់ទទួលបាននូវពរជ័យទាំង៥ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ *បច្ច័យ និងសម្ភារៈទេយ្យទាន ដែលប្រគេនក្នុងមួយវត្តៗនៅពេលនោះរួមមាន៖ អង្ករ២បាវ ទឹកសុទ្ធ១០កេស ទឹកផ្លែឈើ១០កេស ទឹកត្រី២យួរ ទឹកស៊ីអុីវ២យួរ ស្ករស៥គីឡូក្រាម ទឹកដោះគោ១កេស តែ២គីឡូក្រាម កាហ្វេ២គីឡូក្រាម និងព្រមទាំងបានប្រគេនបច្ច័យសម្រាប់កសាងចំនួន៨លានរៀល សម្រាប់ទំនុកបម្រុងដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា និងដើម្បីចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តផងដែរ។