កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅ សាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរង កងកម្លាំងទាំងបីឈរជើងក្នុងខេត្ត ក្រុង ស្រុក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តជាច្រើនរូប។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន បានផ្សព្វផ្សាយអនុសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជូនអង្គប្រជុំដើម្បីចូលរួមសហការអនុវត្តយ៉ាងម៉ឺងម៉ាត់ទាំងអស់គ្នាដើម្បីធានាសន្ដិសុខជាតិ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។
បន្ថែមពីលើនោះ ជាទិសដៅការងារ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានជម្រុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់៖
១.រៀបចំផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងពិធីបុណ្យសាសនា ប្រពៃណីជាតិបន្ដបន្ទាប់នាពេលខាងមុខ។
២.រៀបចំលក្ខណៈសម្បត្តិ និងសណ្ដាប់ធ្នាប់ក្រុង ដើម្បីត្រៀមចូលរួមប្រឡងប្រណាំងទីក្រុងស្អាតអាស៊ាន។
៣.បង្កើនសកម្មភាពល្បាតត្រួតពិនិត្យ ដើម្បីលប់បំបាត់ការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យអាណាធិបតេយ្យតាមដងផ្លូវគោក ផ្លូវទឹកក្នុងភូមិសាស្ត្រខេត្ត។
៤.ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ។
៥.រៀបចំសណ្ដាប់ធ្នាប់អនាម័យនៅតាមដងផ្លូវ ទីសាធារណៈ ទីផ្សារ និងចំណតរថយន្តរោងចក្រផ្លូវជាតិលេខ៥។
៦.អនុវត្តយុទ្ធានាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤របស់រាជរដ្ឋាភិបាល។
៧.បន្ដសកម្មភាពបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ និងការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្ត។
៨.គៀងគរការចូលរួមមូលនិធិគន្ធបុប្ផា។
ជាកិច្ចបញ្ចប់ ជាវិធានការ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានអំពាវនាវឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញទាំងអស់៖
១.សូមឱ្យទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
២.សូមធ្វើការតាមច្បាប់ និងគោលការណ៍ដែលបានចែងកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា
៣.រាល់បទល្មើសត្រូវចាត់វិធានការភ្លាមៗ
៤.ខិតខំរកដំណោះស្រាយឱ្យដល់ឫសគល់នៃបញ្ហា
៥.ខិតខំយកចិត្តទុកដាក់ចំពោះតំបន់ពាណិជ្ជកម្ម
៦.សូមបន្ដយកចិត្តទុកដាក់ការគ្រប់គ្រង អាង បឹង ។
៧. សូមបន្ដផ្សព្វផ្សាយអំពីការិយាល័យប្រជាពលរដ្ឋខេត្តឱ្យបានទូលំទូលាយ។