ថ្ងៃព្រហស្បតិ៍១៤រោច ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិង ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលសាលាស្រុកកំពង់លែង សហការជាមួួយ សាខា ប.ស.ស ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី គោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមជូនដល់មន្ត្រីសាធារណ: អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ក្រោមអធិបតីភាពលោក ឡោសាលីម ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែងលោក ហ៊ូ ប៊ុនថន អភិបាលរង នៃគណៈអភិបាលស្រុកកំពង់លែង លោក សុឹម ប៊ុនធឿន ប្រធាន សាខាប.ស.សខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាល នាយករដ្ឋបាល ប្រធាន អនុប្រធាន មន្ត្រីរាជការគ្រប់ជំនាញក្នុងស្រុកចូលរួមសរុបៈ ៣៧ រូប ស្រី១១ រូប ។
លោក ហ៊ូ ប៊ុនថន អភិបាលរងនៃគណះអភិបាលស្រុកបានថ្លែងក្នុងពិធីបើកដោយបានបញ្ជាក់ថាៈ បេឡាជាតិរបបសង្គម (ប.ស.ស) ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងផ្នែកកិច្ចគាំពារសន្តិសុខសង្គមឱ្យស្របទៅតាមច្បាប់សន្តិសុខសង្គមជាតិ និងបទប្បញ្ញត្តិ សន្តិសុខសង្គមអនុលោមតាមអនុក្រឹត្យ និង ជានីតិបុគ្គលសាធារណះមានស្វ័យភាពផ្នែកហិរញ្ញវត្ថុ ដែលមានបេសកកម្មបម្រើសេវាផ្នែកសាធារណះរដ្ឋបាល មានលក្ខណះសង្គម ស្ថិតនៅក្រោមអាណាព្យាបាល បច្ចេកទេសនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជាជីវៈ និងអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោក សុឹម ប៊ុនធឿន ប្រធានសាខា ប.ស.សខេត្តកំពង់ឆ្នាំង ជាគ្រូឧទ្ទេសបានធ្វើបទបង្ហាញគូសបញ្ជាក់ពីខ្លឹមសារមេរៀនសំខាន់ៗមានៈ
១ . សមិទ្ទផលសម្រេចបានរបស់ ប.ស.សទូទាំងប្រទេស និងសាខាខេត្តកំពង់ឆ្នាំង
២. របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
៣. របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ។
ជាកិច្ចបញ្ចប់លោក ឡោ សាលីម បានថ្លែងប្រសាសន៍បូករុប ដោយបានថ្លែងអំណរគុណ កោតសរសើរខ្ពស់ចំពោះលោកប្រធានសាខាប.ស.សដែលបានផ្តួចផ្តើមគំនិតខិតខំប្រឹងប្រែង រៀបចំកម្មវិធី និងឯកសារមានសារះសំខាន់សម្រាប់គាំទ្រដល់ដំណើរការកិច្ចផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាល ស្រុកកំពង់លែងទាំងមូល ស្របតាមគោលការណ៍ និងគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល បន្ថែមលើអត្ថប្រយោជន៍ផ្សេងៗទៀត ដែលមន្ត្រីរាជការសាធារណៈ ទទួលបាន ។