ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ស្ថិតក្នុងបរិវេណវត្តធម្មយុត្តិ ភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងខេត្តកំពង់ឆ្នាំង លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្រុងកំពង់ឆ្នាំង បានថ្លែងគូសបញ្ជាក់ឲ្យដឹងថា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ជាក្រុមការងាររបស់រាជរដ្ឋាភិបាល ក្នុងការចុះតាមដាននិងពិនិត្យការងារអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ នៅថ្នាក់មូលដ្ឋាន ចុះធ្វើការស្រាវជ្រាវ ប្រមែប្រមូលនូវបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋាន។ ជាពិសេសពីកង្វល់ ពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា ដោយលោកជំទាវ បានប្រៀបធៀបការចុះតាមមូលដ្ឋាននេះ ទៅនឹងផ្ទះ ដែលអាចមានការធ្លុះធ្លាយលេចជ្រាបដំបូលខ្លះៗ ចាំបាច់ត្រូវធ្វើការ បិទបាំង ជួសជុល ដើម្បីបានប្រសើរឡើង ដឹងពីដំណើរការផ្តល់សេវាចាំបាច់ និងសេវាសំណូមពរ របស់រដ្ឋ ដល់ប្រជាពលរដ្ឋ។ ការចុះមូលដ្ឋានគឺយកគោលនយោបាយជាតិ ដែលបានដាក់សម្រាប់បំរើផលប្រយោជន៍ ពលរដ្ឋ មកធ្វើការផ្ទៀងផ្ទាត់ រកនូវចំនុចខ្វះខាតធ្វើការតាមដានពិនិត្យ និងកែលំអ។
សំណូមពរក៏ដូចជាកង្វល់លើកឡើង ត្រូវបានធ្វើការឆ្លើយតបជូនអង្គវេទិកាភ្លាម ដូចជា ការសុំចេញប័ណ្ណកម្មសិទ្ធិដីធ្លី ដែលធ្លាប់អាស្រ័យនៅយូរមកហើយតែជាដីសាធារណៈរបស់រដ្ឋ ការស្នើសុំអោយមានការសម្រួលរបង ផ្ទះឯកជនបិទជិតហើយខ្ពស់ នៅចំណុចផ្លូវបត់កែងដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅភូមិឃ្លាំងប្រាក់ ការសុំធុងសម្រាម និងរថយន្តដឹកសម្រាម នៅតំបន់ផ្លូវចង្អៀតខាងក្នុងភូមិ ការដាក់សម្រាមតាមមុខផ្ទះរថយន្តមិនបានមកយកភ្លាម ស្ថិតក្នុងភូមិឃ្លាំងប្រាក់ជាដើម។
ខណៈមានសំណូមពរ និងលើកពីកង្វល់ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោក លោកស្រីតំណាងមន្ទីរជំនាញពាក់ព័ន្ធបកស្រាយ និងផ្តល់ជាអនុសាស្រ្តជាដំណោះស្រាយបានភ្លាម និងបញ្ហាមួយចំនួនដែលមិនបានឆ្លើយតបភ្លាម ដោយកំណត់ទុករៀបចំផែនការចុះពិនិត្យ និងដោយស្រាយនៅទីតាំងជាក់ស្តែងពេលក្រោយ។
តាមរយៈក្នុងការប្រារព្ធអង្គវេទិកា សាធារណៈ ក្រុមការងារទទួលបាននូវសំណូមពរ បញ្ហាកង្វល់ បញ្ហាប្រឈមក្នុងមូលដ្ឋាន ហើយក៏មានការកើតមានផងដែរ វិវាទរវាងប្រជាជន និងប្រជាជនជិតខាងគ្នា លើកឡើង ដើម្បីឲ្យអង្គវេទិកាជួយរកដំណោះស្រាយ និងឆ្លើយតប។ វេទិកាសាធារណៈនេះមាន គណធិបតី ភ្ញៀវកិត្តិយស ក្រុមការងារថ្នាក់ជាតិ ថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន មន្ទីរ អង្គភាពសមត្ថកិច្ចជំនាញជុំវិញខេត្ត ចំនួន ២៦ នាក់ ប្រជាពលរដ្ឋចំនួន ១៣៨ នាក់ ស្រី ៨៩នាក់ ៕