កំពង់ឆ្នាំង ៖ នារសៀល ថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៩ នៅសាលា ខេត្ត កំពង់ឆ្នាំង លោក ជួន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខេត្ត នៃក្រសួងមាហផ្ទៃ និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្ត កំពង់ឆ្នាំងមាន រៀប ចំ កិច្ច ប្រជុំផ្សព្វផ្សាយ ពី គោល បំណង ស្ដី ពី ការ ចុះតាមដាន ត្រួត ពិនិត្យ និង វាយ តម្លៃកិច្ច ការ រដ្ឋបាល ខេត្ត ក្នុង ការិយបរិច្ឆេទ ២០១៨ និងមានការអញ្ជើញចូលរួមពីឯកឧត្តមឡុងឈុនឡៃ ប្រធានក្រុមប្រក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត និងមន្ត្រីសាលាខេត្តជាច្រើនរូប។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានអានរបាយការណ៍សង្ខេបពីសមិទ្ធផលសំខាន់ៗនានា ដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមកដោយបានគូសបញ្ជាក់អំពីលទ្ធផលការងារ និងបញ្ហាប្រឈមផងដែរ ។ ឯកឧត្តម បានបន្ថែមថា ការអនុវត្ត វាតែងតែមានខ្វះចន្លោះ តែក៏ មានក្ដីក្ដីសោមនស្សរីករាយ ដែលប្រតិភូក្រសួងមហាផ្ទៃ បានចុះមកពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលខេត្ត ដើម្បីកែលំអនូវចំណុចចន្លោះប្រហោងឱ្យមានភាពប្រសើរឡើង។
លោកជួន រក្សា បានប្រសាសន៍ថា គោលបំណងចំបងដែលប្រតិភូក្រសួងមហាផ្ទៃបំពេញបេសកកម្មចុះមកពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការរដ្ឋបាលខេត្តនេះ គឺដើម្បី ពង្រឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតួនាទី ភារកិច្ចរបស់ខ្លួនឱ្យស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងជាពិសេសជំរុញការចាត់ចែងអនុវត្តមុខងារនៃការផ្ដល់សេវារដ្ឋបាល ន និងសេវាសធារណៈ ដើម្បីជួយលើកស្ទួយគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន។
លោកបានបញ្ជាក់បន្ថែមថា៖ ប្រធានបទសំខាន់ៗ ដែលត្រូវពិនិត្យ និងវាយតម្លៃនោះមានបួនចំណុច៖
១.ពិនិត្យ និងវាយតម្លៃលើការងារគ្រប់គ្រង ចាត់ចែងកិច្ចការរដ្ឋបាល
២.ពិនិត្យលើការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការ
៣.ពិនិត្យលើការអនុវត្តមុខងារនៃការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈនានា
៤.ពិនិត្យនីត្យានុកូលភាពលើសំណុំឯកសារលិខិតស្នាមរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត និងពិនិត្យការងារផ្សេងៗ។