រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញប្រគល់-ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀន ICT សម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងដាក់ឱ្យដំណើរការអង់តែនទូរស័ព្ទចល័តថ្មី នៅស្រុកទឹកផុស

  • 1.0ពាន់
  • ដោយ Admin

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងកំពង់លែង អមដំណើរដោយ ឯកឧត្ដម ជា មានិត រដ្ឋលេខាធិការ, ឯកឧត្ដម ហុក ឫទ្ធី លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សា, ឯកឧត្ដម អៀង វុធ អភិបាលរងខេត្ត និងឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងសមាជិកក្រុមការងារថ្នាក់ជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) សម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ ស្ថិតនៅវិទ្យាល័យហ៊ុនសែនទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមក្របខណ្ឌមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ-CBRD Fund) និងការដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយ៍អង់តែនទូរស័ព្ទចល័តថ្មី (BTS) ក្រោមក្របខណ្ឌរបស់មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ-U.S.O Fund) ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈយន្តការនៃការកៀរគរកញ្ចប់មូលនិធិ CBRD Fund នេះ គម្រោងបំពាក់កុំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀន ICT នៅកម្រិតមធ្យមសិក្សាទុតិយភូមិត្រូវបានផ្តួចផ្តើមឡើងដោយកិច្ចសហការរវាងក្រសួងអប់រំយុវជននិងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុនវៀតថែល (ខេមបូឌា) ក្នុងគោលបំណងចម្បងធានាបាននូវនិរន្តភាព និងប្រសិទ្ធភាពនៃការពង្រីកការបណ្តុះបណ្តាលបំណិនវិជ្ជាជីវៈ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(ICT)នៅមធ្យមសិក្សាទុតិយភូមិ ដែលជួយសិស្សានុសិស្សឱ្យសម្របខ្លួនបានយ៉ាងល្អប្រសើរទៅនឹងទីផ្សារការងារនៃយុគសម័យសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.០។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយអង់តែនទូរស័ព្ទចល័តថ្មី(BTS) ចំនួន០៤កន្លែង ក្រោមក្របខណ្ឌមូលនិធិU.S.O ដែលអនុវត្តគម្រោងដោយក្រុមហ៊ុនស្មាត អាស្យាតា មានចំនួន០២ទីតាំង ស្ថិតនៅឃុំតាំងក្រសាំង និងឃុំក្រាំងស្គារ ហើយក្រុមហ៊ុនវៀតថែល(ខេមបូឌា)មានចំនួន០២ទីតាំង ស្ថិតនៅឃុំចោងមោង និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណ ដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ដែលបានចូលរួមបំពេញកាតព្វកិច្ចរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមត្ថភាពធនធានមនុស្សក្នុងបរិបទឌីជីថលនីយកម្ម និងការពង្រីកវិសាលភាពប្រសិទ្ធភាពនៃការតភ្ជាប់សេវាទូរគមនាគមន៍ឱ្យបានដល់តំបន់ជនបទ និងតំបន់ដាច់ស្រយាល៕

អត្ថបទទាក់ទង