ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងលើកទិសដៅអនុវត្តបន្តសម្រាប់ ខែសីហា ក្រោមអធិបតីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ ក៏បានអបអរសារទរនូវទិន្នន័យក្រុមចុះបញ្ជី ទាំង ៤ ក្រុម ដែលបានខិតខំប្រឹងប្រែងវាស់វែង បញ្ចូលទិន្នន័យ ដើម្បីចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ស្របទៅតាមទិសដៅក្រសួង ព្រមទាំងជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានល្អប្រសើរបន្តទៅទៀត។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ, លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម, មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវិនិច្ឆ័យ និងមន្ត្រីការិយាល័យរដ្ឋបាល LASSP នៃការិយាល័យអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ៤៨ រូប ស្រី ៨ រូប ៕