ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ផ្តាំផ្ញើដល់មន្រ្តីនគរបាលក្របខណ្ឌថ្មីទាំងអស់ថា លុះត្រាតែបានឆ្លងកាត់វគ្គបឋមវិជ្ជាជីវៈ នគរបាលសិន ទើបអាចបម្រើការងារជាមន្រ្តីនគរបាលបាន
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីចុះសួរសុខទុក្ខ សិស្សនាយនគរបាល និងនាយនគរបាលរង “វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាល“ ជំនាន់ទី១៣ លើកទី៣ នៅសាលានគរបាលជាតិភូមិភាគ ៦ ខេត្តកំពង់ឆ្នាំង ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា មន្រ្តីនគរបាល ក្របខណ្ឌថ្មីទាំងអស់ មិនអាចបម្រើ ការងារជាមន្រ្តី នគរបាលបានភ្លាមនោះទេ លុះត្រាតែបានឆ្លងកាត់វគ្គបឋមនេះបានជោគជ័យសិន ព្រោះវគ្គ នេះ មានគោលបំណងបណ្តុះបណ្តាលក្មួយៗទាំងអស់ ឱ្យមានចំណេះដឹង និងជំនាញជាមូលដ្ឋានសិន ទើបមានលក្ខណ:សម្បត្តិសមស្រប ដើម្បីក្លាយជាមន្រ្តីនគរបាលពិតប្រាកដ។
ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាវគ្គប្រវត្តិសាស្រ្តសម្រាប់ជីវិតរបស់ក្មួយៗ ដែលបានប្រែក្លាយខ្លួនពីភាពជាជនស៊ីវិល មកជាសិស្សនាយនគរបាល សិស្សនាយនគរបាលរង ហើយនឹងក្លាយជា កងកម្លាំងនគរ បាលជាតិកម្ពុជាពេញលក្ខណៈ តាមរយៈការប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ បន្ទាប់ពីការបញ្ចប់វគ្គសិក្សានេះ ប្រកបដោយជោគជ័យ។
ឯកឧត្តម សន្តិបណ្ឌិត បានណែនាំ ដល់សិស្សនគរបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនឹង ត្រូវមានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរនិងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ទាំងវិន័យ ពេលសិក្សា វិន័យពេលប្រឡង និងវិន័យពេលស្នាក់នៅ ការស្លៀកពាក់ កាត់សក់ ការគោរព គំនាប់ ការបើកបរយានយន្ត ជាដើម និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានាទាំងក្នុង និងក្រៅបរិវេណសាលា ជាពិសេស ត្រូវគោរពឱ្យបានដាច់ខាតនូវរាល់បទបញ្ញត្តិនានាដែលមានចែងក្នុង បទបញ្ជាផ្ទៃក្នុង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បាននាំមកជាមួយនូវអំណោយ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមមាន៖ មី ៥០កេសធំ ,ត្រីងៀត ៥០គីឡូ ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០ ត្រី ៥ យួរ ទឹក ស៉ីអ៉ីវ ៥ យួរ និងថវិកា ១០,១៣០០០រៀល ដើម្បីឧបត្ថម្ភដល់សាលា មន្ត្រីសាលា និងសិស្សនគរបាលផងដែរ ៕