កំពង់ឆ្នាំង៖នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចុះពិនិត្យដំណើរការសាងសង់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង ១២បន្ទប់ នៅសាលាបឋមសិក្សាអារញ្ញ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គូសបញ្ជាក់ថា៖ អគារសិក្សា១ខ្នងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់តាមរយៈឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសដែលឯកឧត្តមឧត្ដមសេនីយ៍ឯក បានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រកាសព្រះរាជក្រឹត្យតែងតាំងប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអារញ្ញិការាម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ។