កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមកាងារបច្ចេកទេស អញ្ជើញទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងវាយតម្លៃហេដ្ឋាចរនាសម្ព័ន្ធរូបវ័ន្ធ និងគមនាគមន៍ដែលរងការខូចខាតនៅក្នុងភូមិសាស្រ្ដស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
តាមរបាយការណ៍របស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ នៅក្នងឃុំទាំង ៧ គឺឃុំត្បែងខ្ពស់ ស្វាយជុក ពាម ឈានឡើង ក្រាំងល្វា ខ្នាឆ្មារ និងឃុំពានី ក្នុងភូមិសាស្រ្ដស្រុកសាមគ្គីមានជ័យ មានផ្លូវជនបទចំនួន ១២ខ្សែ ប្រវែងសរុប ៧៨ ៥៦០ ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មាន២ខ្សែ ប្រវែង ៣៧ ៤០០ម៉ែត្រ លិចទឹកប្រវែង ៣ ១០០ម៉ែត្រ និងខូចតាមជើងទេរប្រវែង ២ ២០០ម៉ែត្រ ។ ផ្លូវក្រាលក្រួសក្រហមដែលរងការខូចខាតមានចំនួន ១០ខ្សែ ប្រវែងសរុប ៤១ ១៦០ម៉ែត្រ ក្នុងនោះលិចទឹកប្រវែង ៣៣ ១០០ម៉ែត្រ និងហូរច្រោះខូចជើងទេរមានប្រវែង ៣ ២៤០ម៉ែត្រ ។ ក្នុងនោះក៏មានស្ពានមួយកន្លែង និងលូដោះទឹកចំនួន ៣កន្លែង ក៏រងការខូចខាតផងដែរ ។
មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ចំពោះផ្លូវ ស្ពាន លូ ដែលបានខូចដោយសារជំនន់ទឹកភ្លៀងខាងលើនេះក្រុមការងារបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ នឹងលើកគម្រោងធ្វើការជួសជុលឡើងវិញ ។ ចំពោះស្ពានដែលមិនអាចធ្វើដំណើរបាន ក្រសួងនឹងធ្វើការជួសជុលបន្ទាន់ដើម្បីភ្ជាប់ឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ជាបណ្ដោះអាសន្នសិន ៕