កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារលើវិស័យទឹកស្អាត បរិស្ថាន និងអនាម័យជនបទ ជាពិសេសការអនុវត្តផែនការជំរុញឲ្យប្រជាពលរដ្ឋនៅគ្រប់ភូមិឃុំទូទាំងខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដើម្បីលើកកម្ពស់សុខមាលភាពសាធារណៈ អនាម័យក្នុងគ្រួសារ ទប់ស្កាត់បាននូវជំងឺដង្កាត់ផ្សេងៗ និងសម្រេចឲ្យបានការប្រកាសទទួលស្គាល់ខេត្តកំពង់ឆ្នាំងជាផ្លូវការ ថាជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំមានការចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ អភិបាល អភិបាលរងស្រុក ក្រុង មន្ត្រីជំនាញ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។