រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លើកទី២០ តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជាប្រធាន គ.ជ.អ.ប.។

  • 125
  • ដោយ taravong

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាព និងមន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ចំណុះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបេត្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជាប្រធាន គ.ជ.អ.ប. បានមានប្រសាសន៍ថាកិច្ចប្រជុំលើកទី២០ របស់ គ.ជ.អ.ប. នាពេលនេះ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងពិភាក្សាសេចក្តីព្រាងឯកសារសំខាន់ៗមួយចំនួនរួមមាន ផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី១ ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ សេចក្តីព្រាងច្បាប់ចំនួន៣ គឺច្បាប់តំបន់ការពារធម្មជាតិ ច្បាប់ព្រៃឈើ និងច្បាប់ជលផល និងបញ្ហាផ្សេងៗមួយចំនួនទៀត។

សម្ដេច បានគូសបញ្ជាក់ជូនអង្គប្រជុំថាកម្មវិធីជាតិដំណាក់កាលទី២ ជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់បន្ត និងជំរុញការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ តាមរយៈការពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងការបែងចែកមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យកាន់តែមានភាពច្បាស់លាស់រវាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

សម្ដេច បានបន្តថាគោលបំណងសំខាន់នៃការបែងចែកឡើងវិញនូវមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និង ការទទួលខុសត្រូវក្នុងចំណោមស្ថាប័នសាធារណៈទាំងនេះ គឺដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យសំដៅចូលរួមចំណែកលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន យុត្តិធម៌ និងសមធម៌សង្គម

អត្ថបទទាក់ទង