កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក អង្គការដៃគូរអភិវឌ្ឍន៍នានា។
លោកជំទាវ តុង ណារី បានឱ្យដឹងថា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ដ បានបង្កើតឡើង ដោយក្រុមប្រឹក្សាលើកទី២៧ អាណត្តិទី ៣ មានសមាជិកចំនួន ២០រូប។ តួនាទីរបស់គណកម្មាធិការជាសេនាធិការឲ្យក្រុមប្រឹក្សាគណៈអភិបាល ក្នុងការសុំយោបល់ និងលើកជាសំណូមពរ អនុសាសន៍ ជូនក្រុមប្រឹក្សា គណៈអភិបាល និងគណៈកម្មាធិការដ៏ទៃទៀត, ជួយគាំទ្រ និងមានវិធានការណ៍ សម្រាប់ការអភិវឌ្ឍន៍ដាក់បញ្ចូលក្នុងផែនការសកម្មភាព ប្រចាំខែនិងប្រចាំឆ្នាំរបស់ខ្លួន។ លោកជំទាវបានឱ្យដឹងទៀតថា កន្លងមកនេះ គណៈកម្មការបានបំពេញបេសកកម្មរបស់ខ្លួន ដោយយកចិត្តទុកដាក់ ចុះធ្វើការអប់រំផ្សព្វផ្សាយ បណ្តុះបណ្តាលដល់ស្រ្តីក្នុងភូមិគោលដៅ សំដៅលើកកម្ពស់សមត្ថភាពចំណេះដឹង អំពីកិច្ចការងារសង្គម ដើម្បីចូលរួមអភិវឌ្ឍន៍ខ្លួនឯង និង សង្គម ឱ្យកាន់តែមានភាពប្រសើរឡើង។
មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម ឡុង ឈុនឡៃ បានសំដែងនូវការកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ក្រុង ស្រុក ដែលកន្លងមកនេះ បានបំពេញកិច្ចការងាដោយយកចិត្តទុកដាក់បំផុត នៃការជួយលើកកម្ពស់ការយល់ដឹងរបស់ស្រ្តី ទាំងក្នុងជីវភាពប្រចាំថ្ងៃ បរិយាកាសង្គម ដើម្បីប្រែក្លាយសមត្ថភាពរបស់ស្រ្តីឱ្យមានសមត្ថភាពិតប្រាកដ ក្នុងការដឹកនាំគ្រប់គ្រង និងបន្តរួមចំណែកអនុវត្តតួនាទីរបស់ខ្លួន ដើម្បីសម្រេចបាន នូវលទ្ធផលក្នុងសមាសភាគទី៥ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លើកទី២ ពីឆ្នាំ២០២១ ដល់២០៣០ ដែលយើងបាន និងកំពុងអនុវត្តនៅឆ្នាំទី២នេះ គឺការបង្កើនស្ដង់ដាផ្តល់សេវា សាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការប្រាស្រ័យទាក់ទងសាធារណៈប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គមតាមរយៈការអនុវត្តមុខងារជាជម្រើស និងមុខងារជាកាតព្វកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង របស់យើង៕