កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជាអធិបតីវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដល់មន្រ្តីអាជ្ញាធរក្រុង ស្រុក និង មូលដ្ឋានឃុំសង្កាត់ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។ វគ្គបណ្ដុះបណ្ដាល ក៏មានការចូលរួមពីលោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និង លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត រដ្ឋបាលក្រុង ស្រុក និង មេឃុំចៅសង្កាត់ ។
លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជន និង យុវនីតិសម្បទា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងពង្រឹងចំណេះដឹងបន្ថែមទាក់ទងទៅនឹងកម្មវិធីជំនួយសង្គម ក្នុងក្របខណ្ឌ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់មន្ត្រីអនុវត្តកម្មវិធីនៅថ្នាក់ក្រោមជាតិដែលមានរដ្ឋបាលក្រុង ស្រុក ខណ្ឌ និង រដ្ឋបាល ឃុំសង្កាត់ ដែលជាតួអង្គប្រតិបត្តិផ្ទាល់ដ៏សំខាន់។វគ្គបណ្តុះបណ្តាលនាពេលនេះ នឹង ជួយបង្កើននូវចំណេះដឹង និងជំនាញយ៉ាងជាក់លាក់ដើម្បីធ្វើឱ្យការអនុវត្តកម្មវិធីមានតម្លាភាព គណនេយ្យភាព សុចរិតភាព និង ប្រសិទ្ធភាពខ្ពស់។
លោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានសប្រសាសន៍ថា គ្រួសារងាយរងហានិភ័យពិតណាស់នឹងទទួលរងនូវផលប៉ះពាល់ពីកំណើនអតិផរណា ដែលជាហេតុបណ្ដាល ឱ្យម្ហូបអាហារ របស់របរប្រើប្រាស់លើទីផ្សារឡើងថ្លៃ ដែលទាំងនេះធ្វើឱ្យមានជះផលអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុង គ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីឆ្លើយតបនឹងស្ថានភាពដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម បានដាក់ចេញនូវ វិធានការណ៍អន្តរាគមន៍គាំពារសង្គម ដើម្បីជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋបន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសម្ពាធអតិផរណា និងរងផលប៉ះពាល់ពីទឹកជំនន់ ។
គូសបញ្ជាក់ថា មូលនិធិជាតិជំនួយសង្គមនាពេលបច្ចុប្បន្នបានគ្រប់គ្រង និងអនុវត្តនូវកម្មវិធីជំនួយសង្គមដូចជា៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ សម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីឌ-១៩ ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃ ពោះនិងកុមារអាយុក្រោម២ឆ្នាំ បានលើកកម្ពស់សុខុមាលភាពមាតា និងទារក បានរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ របស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី និងផ្តល់នូវកិច្ចគាំពារមួយយ៉ាងពិតប្រាកដ ដើម្បីរក្សាលំនឹងទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ។