កំពង់ឆ្នាំង: នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពទឹក និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចែកជូនដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកទន្លេសាប ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌។
ឯកឧត្ដមអភិបាលខេត្តបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូននៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តបានក្រើនរំលឹកចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តរួមសហការគ្នា យកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព មិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយយើងមិនបានដឹងឡើយ និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាអនាម័យ ដោយត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេសត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្នចំពោះកូនតូចៗ បង្ការកុំឲ្យមានគ្រោះថ្នាក់ដោយលង់ទឹក។
អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គ.ក្រ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា៣ម៉ឺនរៀល។