កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ "សូមកុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។
ដោយមានការចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានចូលរួម ពិធីមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក តំណាងអង្គការដៃគូ នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ យុវជន ស.ស.យ.ក និងយុវជន ស.យ.ស.ស សរុបប្រមាណ ២០០នាក់។
គោលបំណងនៃការរៀបចំទិវានេះឡើង គឺដើម្បីបំផុសការយល់ដឹងអំពីព្រឹត្តិការណ៍ និងស្ថានភាពដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដើម្បីដាស់តឿនក្រើនរំលឹកអំពីភាពរងគ្រោះ និងល្បិចកលថ្មីៗនៃជនល្មើស ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមគ្រប់រូបភាព។