រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ តាមប្រព័ន្ធវីដេអូzoom

  • 306
  • ដោយ taravong

កំពង់ឆ្នាំង៖ កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ត្រូវបានបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុកតាមរយៈប្រព័ន្ធវីដេអូZoom ផងដែរ។

កិច្ចប្រជុំក្រុមប្រឹក្សានាពេលនេះធ្វើឡើងដើម្បីពិនិត្យ និងឆ្លងរបាយការណ៍សមិទ្ធផលសកម្មភាពការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានសម្រេចបានក្នុងខែសីហា និងទិសដៅសម្រាប់អនុវត្តបន្ត ,កែសម្រួលសេចក្តីសម្រេច ស្តីពី ការកែសម្រួលសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្នុងក្រុមប្រឹក្សាខេត្ត និងឆ្លងគម្រោងថវិកា២០២២ របស់មន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានជម្រុញធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដោយធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងកំណើនសេដ្ឋកិច្ច ទូទាំងខេត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចំពោះការអនុវត្តន៍គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃស្ថានភាពប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបំពេញបេសកម្មយ៉ាងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយដោយផ្ទាល់នៅគ្រប់មូលដ្ឋាន ជាពិសេសជម្រុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មានអាយុចាប់១៨ឆ្នាំឡើង និងកុមារអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ និងបញ្ចប់ឆាប់ៗនៅពេលខាងមុខនេះ។

ឯកឧត្តម ឡុង ឈុនឡៃ បានថ្លែងនូវការកោតសរសើរ ដល់គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ ក្រុមប្រឹក្សា អភិបាល ក្រុង ស្រុក និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួបរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្ត ដែលធ្វើឱ្យខេត្តមានការកែប្រែមុខមាត់ថ្មី ទាក់ទាញបាននូវវិយោគទុនមកបណ្តាក់ទុន ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង ជាពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ និង កាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ-១៩ ពីគ្រួសារ និងសហគមន៍យើង។

ឯកឧត្តម បានមានប្រសាសន៍បន្តថាៈ ដើម្បីឱ្យខេត្តកំពង់ឆ្នាំង កាន់មានការអភិវឌ្ឍបន្ថែមទៀតនោះ មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងទំនាក់ទំនងល្អ ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ និងដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗដែលនៅសេសសល់ របស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ជាពិសេសជម្រុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន ៕

អត្ថបទទាក់ទង