កំពង់ឆ្នាំង៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានចុះពិនិត្យការងារ វឌ្ឍនភាពនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និង អភិបាលក្រុងកំពង់ឆ្នាំង។
លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថាៈ បើយោងតាមរបាយការណ៍វឌ្ឍនភាពស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អនុ គណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស គឺមកទល់ពេលនេះកម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង ៩០% ប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូន កុមារ និងយុវវ័យ ដែលមកដល់ពេលនេះចាក់បាន ៦៩.៤៧% នៃចំនួន ១.៩៦៦.៩៣១នាក់ ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ ដូសទី៣ ឬដូសជំរុញនោះទេ។ ប្រសិននិយាយ ពីតួលេខសរុបយើងចាក់បានលើស១០លាន នាក់ដែលប្រមាណ៦៥% នៃប្រជាជនសរុប១៦លាននាក់។
លោកជំទាវជូ ប៊ុនអេង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានជម្រុញឱ្យអាជ្ញាធរក្រុង និងសង្កាត់ ត្រូវបន្តផ្សព្វផ្សាយអំពីគុណប្រយោជន៍នៃការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ និងជម្រុញដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានទៅទទួលវ៉ាក់សាំង សួមប្រញ៉ាប់រួសរាន់ទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗ ៕