រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គសិក្ខាសាលាស្តីពី ការ កាត់បន្ថយហានិភ័យ គ្រោះហន្តរាយ និងកំណត់សកម្មភាពកាត់បន្ថយហានិភ័យ គ្រោះហន្តរាយ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគឃុំ

  • 270
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំវគបណ្តុះបណ្តាលស្តីពីការកាត់បន្ថយ ការកាត់បន្ថយហានិភ័យគ្រោះហន្តរាយ និងកំណត់សកម្មភាពកាត់បន្ថយហានិភ័យគ្រោះហន្តរាយដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគឃុំ ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត ព្រមទាំងមានការចូលរួមពីលោកអែម សំណាង អនុប្រធាននាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោកសូ សុជាតិ តំណាងអង្គការស្បៀងអាហារពិភពលោក។

វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលពីរថ្ងៃ រៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP) និងរាជរដ្ឋាភិបាលជប៉ុន( Japan GOV) ដោយមានកិច្ចសហការរៀបចំពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។ សិក្ខាកាមចូលរួមសរុបចំនួន ១៨នាក់ ជាមន្ត្រីនៃរដ្ឋបាលស្រុកគោលដៅចំនួនពីរ គឺស្រុកបរិបូណ៌ និងស្រុកជលគីរី និងមន្ត្រីក្នុងឃុំខុនរ៉ង និងឃុំព្រៃគ្រី ដែលជាឃុំគោលដៅអនុវត្តគម្រោង។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំនៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងតែបានផ្តល់អនុសាសន៍ដឹកនាំជាប្រចាំដល់គណ:កម្មាធិការគ្រប់គ្រងគ្រោះហន្តរាយខេត្ត ក្រុង ស្រុក ឃុំសង្កាត់ក្នុងការបំពេញតួនាទីលើការងារគ្រប់គ្រង គ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងថ្លែងអំណរគុណ ដល់អង្គការកម្មវិធីស្បៀងអាហារពិភព និងរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ គ្រោង អភិវឌ្ឍន៍ជាបន្តបន្ទាប់ ជួយ ដល់ខេត្តកំពង់ឆ្នាំង ចាប់តាំងពីដើមរហូតដល់ពេលនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវពិភាក្សាលើកឡើង នូវបញ្ហាប្រឈ មដើម្បីរួមគ្នាដោះស្រាយ និងយកចិត្តទុកដាក់ស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេសនាម ដើម្បីយកទៅអនុវត្ត អោយចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង