រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ត្រូវបានក្រុមការងារនាំយកផ្តល់ដល់រដ្ឋបាលស្រុករលាប្អៀរ សម្រាប់ចែកដល់ឃុំទាំង ១៣ សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាក និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

  • 381
  • ដោយ taravong

កំពង់ឆ្នាំង៖ អង្ករចំនួន ២៦តោន របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ត្រូវបានឯកឧត្តម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម សោម សុផាត ឯកឧត្ដម អ៊ុន សំអុល ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាំយកទៅប្រគល់ជូនដល់រដ្ឋបាលស្រុករលាប្អៀរ សម្រាប់ចែកដល់ឃុំទាំង១៣ សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាក ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ឯកឧត្តមរដ្ឋមន្រ្តី បានឧបត្ថម្ភនូវអង្ករដល់ឃុំទាំង១៣ក្នុងស្រុករលាប្អៀរ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកបំផុតនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។ លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានថ្លែងនូវអំណគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានឧបត្ថម្ភអង្ករនាពេលនេះ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និងឃុំទាំង១៣ សូមយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន យកទៅចែកដល់គ្រួសារប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ឱ្យចំគោលដៅនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនប្រកបដោយតម្លាភាព ៕

អត្ថបទទាក់ទង