រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឡុច វណ្ណរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំវឌ្ឍនភាពគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ(OW4C)នៅខេត្តកំពង់ឆ្នាំង

  • 283
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងឯកឧត្តម ឡុច វណ្ណរ៉ា សមាជិកក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំជាមួយគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ (OW4C) ដោយមានការអញ្ជើញចូលរួមពីលោកជំទាវប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, នាយករងរដ្ឋបាលសាលាខេត្ត, ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្តកំពង់ឆ្នាំង។

មានមតិបើកកិច្ចប្រជុំ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត បានមានប្រសាសន៍ថា គម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID គឺជាគម្រោងដែលមានរយ:ពេលបីឆ្នាំ (ចាប់ពីខែតុលា ឆ្នាំ២០១៩ រហូតដល់ខែកញ្ញា ឆ្នាំ២០២២) ដែលប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនូវព័ត៌មានច្បាស់លាស់ប្រកបដោយតម្លាភាពស្ដីពីសេវាសាធារណៈ ដែលអាចប្រើប្រាស់បានតាមរយៈ អង្គភាព និងការិយាល័យច្រកចេញចូលតែមួយ។

ជាមួយគ្នានេះដែរ គម្រោងនេះមានការគាំទ្រដោយក្រសួងមហាផ្ទៃ និងសហការអនុវត្តដោយរដ្ឋបាលខេត្ត មានបំណងលើកកម្ពស់គណនេយ្យភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋ លើការប្រើប្រាស់សេវាអង្គភាពច្រកចេញចូលតែមួយ តាមរយៈការលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋលើគុណភាពសេវាច្រេកចេញចូលតែមួយ វេទិកាសាធារណៈ និងឧបករណ៍បច្ចេកវិទ្យាព័ត៌មាន។ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រចំពោះដំណើរការនៃគម្រោងនេះ សំដៅធានាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទាន់ពេលវេលា មានតម្លាភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការជម្រុញឱ្យការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

លោកឈាង បូរ៉ា ប្រធានអង្គភាពច្រកកចេញចូលតែមួយសាលាខេត្ត បានគូសបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយជាកន្លែងប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលលើគ្រប់វិស័យ រួមទាំងសេវារដ្ឋបាលដែលកំពុងផ្ដល់ដោយរដ្ឋបាលខេត្ត។ អង្គភាពច្រកចេញចូលតែមួយ មានពីរផ្នែកគឺផ្នែកជួរមុខ និងផ្នែកជួរក្រោយ។ ផ្នែកជួរមុខគឺជាកន្លែងសម្រាប់ប្រជាពលរដ្ឋមកប្រាស្រ័យទាក់ទងដោយផ្ទាល់ដើម្បី ទទួលបានព័ត៌មាននានាអំពីការផ្ដល់សេវារដ្ឋបាល ទទួលទម្រង់បែបបទ ដាក់ពាក្យស្នើសុំ បង់កម្រៃសេវា និងទទួលលទ្ធផលសម្រេច(លិខិតអនុញ្ញាត, អាជ្ញាប័ណ្ណ,។ល។) ផ្នែកជួរក្រោយ គឺផ្នែកដ៏សំខាន់ក្នុងការពិនិត្យផ្ដល់យោបល់ផ្នែកបច្ចេកទេសដែលផ្នែកជួរក្រោយនេះ មានមន្ត្រីជួរក្រោយទទួលបន្ទុកវិស័យមួយៗតំណាងមន្ទីរអង្គភាព, មន្ទីរ-អង្គភាព, និងទីចាត់ការនៃសាលាខេត្ត។

បន្ថែមពីនោះ លោកឈាង បូរ៉ា ប្រធានអង្គភាព ក៏បានលើកឡើងអំពីគោលបំណងនៃការបង្កើតអង្គភាពច្រកចេញចូលតែមួយ, លំហូរការងាររបស់អង្គភាព ឬនីតិវិធីនៃការផ្ដល់សេវា,ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងការផ្ដល់សេវា, លទ្ធផលនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ, បញ្ហាប្រឈម និងទិសដៅអនុវត្តរបស់អង្គភាពច្រកចេញចូលតែមួយផងដែរ។

ក្នុងឱកាសនោះដែរ លោកអ៊ុក កីឡា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ក៏បានធ្វើបទបង្ហាញអំពីសមិទ្ធផលស្ដីពីអនុវត្តសកម្មភាពការងាររបស់ការិយាល័យប្រជាពលរដ្ឋខេត្តដែលសម្រេចបាននាពេលកន្លងមក និងបញ្ហាប្រឈមនៃការផ្ដល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

មានមតិបិទកិច្ចប្រជុំ ឯកឧត្តម ឡុវ វណ្ណរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពច្រកចេញចូលតែមួយក្នុងការផ្ដល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋដែលទទួលបានលទ្ធផលល្អប្រសើរ។ បន្ថែមពីនោះ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បានសំណូមពរឲ្យអង្គការគូអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនអំពីនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយ ។

អត្ថបទទាក់ទង