កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នៅក្នុងបរិវេណវត្តនិគ្រោធារាម(វត្តជ្រៃបាក់) ស្ថិតនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយនឹងលោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះអប់រំ ផ្សព្វផ្សាយអំពីការរីករាលដាល និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងវីរុសបំប្លែងថ្មី ដល់ប្រជាពលរដ្ឋចំណុះជើងវត្តជ្រៃបាក់ ក្នុងឃុំជ្រៃបាក់ ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាៈ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តវិវឌ្ឈខ្លួនគួរឱ្យបារម្ភតាមរយៈការបំប្លែងខ្លួនថ្មី នៃសកូវីដ-១៩ ដែលបរិការណ៍នេះបានបង្កើនបន្ថែមនូវសម្ពាធផ្នែកសង្គម-សេដ្ឋកិច្ចដល់ប្រទេសជាច្រើននៅលើសកលលោក និងករណីស្លាប់ច្រើនជាបន្ដបន្ទាប់។ ពាក់ព័ន្ធនឹងការវិវឌ្ឍនៃមេរោគនេះដែរ ក្រោមស្មារតីខិតខំប្រឹងប្រែងឥតឈប់ឈរ និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ វិធានការចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលបំណងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវឹង-១៩ដ៏កាចសាហាវនេះ។
ឯកឧត្តម មានប្រសាសន៍បន្ដទៀតថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងទទួលបាននូវវឌ្ឍនភាពវិជ្ជមានគួរឱ្យកត់សម្គាល់ដោយអនុលោមតាមអភិក្រម“ផ្ការីក”ដែលចាប់ផ្ដើមពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់ដែលប្រឈមនឹងការឆ្លងរីករាលដាលខ្លាំង ហើយបានពង្រីកជាជំហានៗឆ្ពោះទៅតំបន់ផ្សេងទៀតក្នុងនោះជាក់ស្ដែងខេត្តកំពង់ឆ្នាំងយើងក៏បានដំណើរចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម បានអំពាវនាវបន្ថែមថា បើទោះបីជាយើងបានទទួលការចាក់វ៉ាក់សាំងទាំងពីរលើកហើយក៏ដោយ ក៏គួរកុំមានការប្រមាថ ធ្វេសប្រហែស ឬក៏មើលស្រាលស្ថានការណ៍ឲ្យសោះ ពោលគឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។ ៣កុំ និង៣ការពារធានាថាប្រសិទ្ធភាពមួយរយភាគរយក្នុងការការពារ និងកាត់ផ្ដាច់ការចម្លងទៅតំបន់ផ្សេងៗទៀត។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់អំពីករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ យើងបូជាសព ឬបញ្ចុះសពគឺអនុវត្តតាមក្បួនខ្នាតត្រឹមត្រូវ តាមស្ដង់ដារបច្ចេកទេសរបស់ក្រសួងសុខាភិបាល ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការបារម្ភ ឬភ័យខ្លាច។ ចំណុចមួយទៀត កត្តាសំខាន់បើបងប្អូនមានអាការៈពាក់ព័ន្ធនឹងរោគសញ្ញាជំងឺកូវីដ-១៩ សូមបងប្អូនប្រញាប់រួសរាន់ទៅធ្វើសំណាកជាបន្ទាន់ កុំទុកយូររហូតដល់ក្រុមគ្រួពេទ្យពិបាកសង្គ្រោះឲ្យសោះ។
ចុងបញ្ចប់ ឯកឧត្តមអម សុភា និងក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រគេនដល់ព្រះចៅអធិការវត្តនិគ្រោធារាម(វត្តជ្រៃបាក់)សម្រាប់ផ្គត់ផ្គង់ក្នុងអំឡុង ពេលព្រះសង្ឃគង់ចាំព្រះវស្សាផងដែរ ។