កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យមើលដំណើរការសាងសង់អាគារពន្ធនាគារថ្មី ស្ថិតក្នុងភូមិត្រពាំងយាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អគារពន្ធនាគារថ្មីនេះ បានធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានដំណើរសាងសង់នៅលើផ្ទៃដីចំនួន ១០ហិចតា ចំណែកផ្ទៃដី៥ហិចតាទៀត នឹងដំណើរការសាងសង់មជ្ឈមណ្ឌលអប់រំនិងបន្សាបគ្រឿងញៀន ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ មានចម្ងាយពីទីរួមខេត្ត ជាង១៥គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបានប្រមាណ៩០ភាគរយ ហើយអាចដាក់អ្នកត្រូវជាប់ឃុំឃាំងប្រមាណជាង ២០០០នាក់ ។
គូសបញ្ជាក់ថា៖ដោយពន្ធនាខេត្តកំពង់ឆ្នាំងចាស់មានលក្ខណៈតូចចង្អៀត ប៉ះពាល់ដល់សុខមាលភាពអ្នកជាប់ឃុំឃាំង ប៉ះពាល់សោភ័ណភាពក្រុងកំពង់ឆ្នាំងតាមផែនការរបស់រដ្ឋបាលខេត្តត្រូវរៀបចំក្រុងកំពង់ឆ្នាំងអោយមានសោភ័ណភាពដើម្បីចូលរួមប្រលងប្រណាំងទីក្រុងស្អាតនិងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្តនៅក្នុងក្រុងកំពង់ឆ្នាំងក្នុងការបង្កើនមុខរបរនិងចំណូលប្រចាំថ្ងៃជូនប្រជាពលរដ្ឋយើង ៕