កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជួប សំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកញ្ចប់ថវិការបស់រាជរដ្ឋាភិបាលតាមរយៈ កម្មវិធី ជំនួយ សង្គម ជាសាច់ប្រាក់ ដែលត្រូវឧបត្ថម្ភដល់ក្រុមគ្រួសារទទួលមរណភាព ដោយសារ ជំងឺកូវីដ-១៩ និងក្រុមគ្រួសារ ដែលមាន អ្នកឆ្លងជំងឺកូវីដ-១៩មានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ពិធីនេះធ្វើឡើងនៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្តកំពង់ឆ្នាំង ដោយមាន ការចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរសុខាភិបាលខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្តកំពង់ឆ្នាំង។
ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានបញ្ជាក់ឲ្យដឹងថាៈ កញ្ចប់ថវិកាឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្តល់តាមរយៈមន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ចខេត្ត។ តាមរយៈមន្ទីរសុខាភិបាលខេត្ត ឧបត្ថម្ភជូន ដល់ ក្រុមគ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ០៨គ្រួសារ ចំនួន៥លានរៀល និងតាមរយៈមន្ទីរសង្គមកិច្ច គឺឧបត្ថម្ភ ជាសាច់ប្រាក់ក្នុងការដោះស្រាយនូវសេវាកម្មថ្លៃស្បៀងអាហារ ទឹក ភ្លើងរយៈពេល៥ខែ ទៅតាមទំហំសមាជិក គ្រួសារ អ្នកឆ្លងជំងឺកូវីដ-១៩មានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ដោយឡែក ក្រុមគ្រួសារ ដែលមិនទាន់ទទួលថវិកាឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្ទីរជំនាញពាក់ព័ន្ធ បន្ដដោះស្រាយជូនជាបន្ដបន្ទាប់។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះការលំបាក និងសុខមាលភាព របស់បង ប្អូន ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលទទួលរងផលប៉ះពាល់ដោយសារជំងឺដ៏កាចសាហាវនេះ។ ទន្ទឹមនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំប្រសាសន៍ផ្តាំផ្ញើការ សាកសួរសុខទុក្ខ និងចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព និងចូលរួមសោកស្តាយក្នុងការបាត់បង់សមាជិកក្រុមគ្រួសារ សាច់ញាតិដោយសារតែជំងឺកូវីដ-១៩។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ក្រុមគ្រួសារបងប្អូនដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ និងក្រុមគ្រួសារដែលមានអ្នកឆ្លងកូវីដ-១៩ ជួបការលំបាកផ្នែកជីវភាពត្រូវបន្តអនុវត្តនូវវិធានការការពារ ក្រសួងសុខាភិបាលនិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជាបន្តបន្ទាប់ទៅក្រុមគ្រួសារ និងសហគមន៍យើង។ ម្យ៉ាងទៀត ក្នុងករណីមានរោគសញ្ញាសង្ស័យ ឬមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន សូមមេត្តាផ្ដល់ដំណឹងជាបន្ទាន់មកអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានដែលនៅជិតបំផុត ដើម្បីចាត់វិធានការទាន់ពេលវេលា និងមានប្រសិទ្ធភាព៕