រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ពីសមាគមក្នុងស្រុក ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង

  • 323
  • ដោយ taravong

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់-ទទួលអំណោយសប្បុរធម៌ពីមជ្ឈដ្ឋានជិតឆ្ងាយ រួមមានសមាគមផ្សេងៗគ្នា ក្នុងគោលដៅដើម្បីជួយឧបត្ថម្ភដល់ជនងាយរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ និងជាពិសេសដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ពិធីនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅបរិវេណសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

គូសបញ្ជាក់ដែរថា៖ សប្បុរសជនដែលបានផ្តល់អំណោយដល់រដ្ឋបាលខេត្ត មានសមាគម ខ្មែរវៀតណាមនៅកម្ពុជា បានប្រគល់ជូនមានម៉ាស់ អាល់កុល និងជែល សមាគមវិនិយោគិនកម្ពុជា និងសមាគមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បាននាំយកអំណោយមាន អាល់កុល ម៉ាស់ ជេល និងម៉ាស៊ីនវាស់កំដៅ។ ដែលអំណោយទាំងនេះ សម្រាប់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់ចែងក្នុងសកម្មភាពការងារគ្រោះមហន្តរាយ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមទាំងអស់ ដែលបានបរិច្ចាកនូវធនធានដ៏មានតម្លៃនេះក្នុងការចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅខេត្តកំពង់ឆ្នាំង។ ដែលសកម្មភាពទាំងនេះបានបង្ហាញឱ្យឃើញពីការចូលរួមឥតងាករេ ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ព្រោះថាបច្ចុប្បន្នជំងឺនេះបានបង្ករឱ្យមនុស្សឈឺ និងស្លាប់ជាបន្តបន្ទាប់ទូទាំងសាកលលោក។

ឯកឧត្ដម បានបន្តទៀតថា ការចូលរួមរបស់សប្បុរសជន គឺជាកិច្ចការមួយដែលមិនអាចខ្វះបាន ក្នុងការចូលរួមចែករំលែកគ្នាទៅវិញទៅមក ក្នុងកិច្ចការសង្គម ដើម្បីជួយគ្នាក្នុងគ្រាដ៏លំបាកនេះ។ ដូចនេះដើម្បីចូលរួមទប់ស្កាត់ ការឆ្លង ការរីករាលដាល ជំងឺកូវីដ-១៩នេះ យើងទាំងអស់គ្នា ត្រូវតែចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតអំពីវិធានការនានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយអនុវត្តឱ្យបានត្រឹមត្រូវ នូវ ៣ការពារ និង៣កុំ ៕

អត្ថបទទាក់ទង